ប្រណាំងរថយន្ត៖ កីឡាករប្រណាំង F1 រុស្ស៊ីនឹងមិនត្រូវបានអនុញ្ញាតឱ្យប្រកួតនៅទឹកដីចក្រភពអង់គ្លេសឡើយ។ អាជ្ញាធរកីឡាប្រណាំងយានយន្តអង់គ្លេស បានសំរេចមិនទទួលស្គាល់អាជ្ញាប័ណ្ណកីឡារបស់អត្តពលិករុស្ស៊ី ចាប់ពីពេលនេះរហូតដល់ពេលជូនដំណឹងថ្មី។

មានន័យថា កីឡាករ F1 រុស្ស៊ី Nikita Mazepin មិនអាចចូលរួមការប្រកួត British Grand Prix បានឡើយ ទោះបីជាគេនៅតែបន្តអាជីពជាមួយក្រុម Haas F1 Team ក៏ដោយ។ ឪពុករបស់ Mazepin លោក Dmitry Mazepin គឺជាអ្នកកាន់ទន់វិនិយោគរបស់ក្រុមប្រណាំង Haas F1 Team និងត្រូវបានគេដឹងថា គាត់មានទំនាក់ជិតស្និតជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ សូមបញ្ជាក់ថា ថ្មីៗនេះដែរសមាគមកីឡាប្រណាំងយានយន្តអន្តរជាតិ FIA គ្រាន់តែហាមឃាត់មិនឱ្យអត្តពលិករុស្ស៊ីប្រកួតក្រោមទង់ជាតិរុស្ស៊ី និងគោរពភ្លេងជាតិរុស្ស៊ីប៉ុណ្ណោះ តែអង់គ្លេសជាប្រទេសតែមួយគត់ដែលបានបោះឆ្នោតប្រឆាំងការសំរេចរបស់ FIA និងបន្ថែមការហាមឃាត់ខាងលើ៕
អត្ថបទ៖នាង សុភាវុធ