ប្រទេសឥណ្ឌានឹងកាន់តំណែងជាប្រធានសម្ព័ន្ធ BRICS នៅឆ្នាំក្រោយ ដោយកាន់តួនាទីរបស់ប្លុកដែលបានពង្រីកសមាជិកបន្ថែម នៅដំណាក់កាលដ៏សំខាន់នៃភូមិសាស្ត្រនយោបាយដ៏រសើប ជាស្ថានភាពមួយដែលត្រូវបានសម្គាល់ដោយមានការប្រកួតប្រជែងដណ្ដើមផលប្រយោជន៍ មហិច្ឆតាសកលកាន់តែខ្លាំងឡើង និងសម្ពាធពីទីក្រុងវ៉ាស៊ីនតោន។
ឥណ្ឌាមានបំណងគូសបញ្ជាក់ថា តំណែងប្រធានរបស់ខ្លួននេះ នឹងផ្តល់អាទិភាពដល់ក្រុមប្រទេស Global South (ប្រជាជាតិកំពុងអភិវឌ្ឍន៍សកលខាងត្បូង) ខណៈពេលដែលផ្ដោតលើការវិវត្តសភាពការណ៍ នៅជុំវិញពិភពលោក។ ប្រទេសនេះក៏នឹងផ្តោតលើលទ្ធផលរឹងមាំជាក់ស្តែង សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ដោយប្រឹងប្រែងបង្ហាញថា BRICS អាចប្រមូលផ្តុំសមាជិកដែលមានបញ្ហាប្រឈមរួមគ្នា ទោះបីជាផលប្រយោជន៍ជាតិរបស់ពួកគេខុសគ្នាក៏ដោយ។

គួរបញ្ជាក់ថា ដោយដំបូងឡើយសម្ព័ន្ធដែលត្រូវបានបង្កើតឡើងដោយប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ដោយមានអាហ្រ្វិកខាងត្បូងចូលរួមយ៉ាងឆាប់បន្ទាប់មកនោះ BRICS ត្រូវបានគេមើលឃើញថា ជាក្រុមប្រទេសប្រឆាំងការទូតខ្លាំងឡើងៗ ចំពោះមហាអំណាចលោកខាងលិច។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្លុកនេះបានពង្រីកបន្ថែមសមាជិក ដែលមានដូចជាអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប់រួម និងឥណ្ឌូនេស៊ី។ រួមគ្នា ប្លុកនេះតំណាងឲ្យប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក និងជិត ៤០ភាគរយនៃទិន្នផលសេដ្ឋកិច្ចពិភពលោក។
កាលពីខែកក្កដា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានស្នើឲ្យរៀបចំ BRICS ឡើងវិញ ដោយមានអក្សរកាត់ការកសាងភាពធន់ និងនវានុវត្តន៍ សម្រាប់កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព។ បណ្ដាអ្នកវិភាគ លើកឡើងថា កម្រិតខ្ពស់នៃរបៀបវារៈរបស់ឥណ្ឌា អាចជាការបង្កើតយន្តការធានាការវិនិយោគ ដើម្បីដោះស្រាយបម្រែបម្រួលអាកាសធាតុ ភាពក្រីក្រ ការផ្លាស់ប្តូរថាមពល និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធ៕

