ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសថា សម្ព័ន្ធភាពនៃឆន្ទៈនឹងរៀបចំកិច្ចប្រជុំមួយផ្សេងទៀត នៅក្នុងទីក្រុងប៉ារីស នៅដើមខែក្រោយ។
មេដឹកនាំបារាំងរូបនេះ បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«យើងនឹងប្រមូលផ្តុំប្រទេសនៃ សម្ព័ន្ធភាពនៃឆន្ទៈ នៅក្នុងទីក្រុងប៉ារីស នៅដើមខែមករា ដើម្បីបញ្ចប់ការចូលរួមចំណែកជាក់ស្តែងរបស់ប្រទេសនីមួយៗ»។

លោក ម៉ាក្រុង បានសរសេរថា លោក រួមជាមួយមេដឹកនាំអឺរ៉ុបផ្សេងទៀត ក៏ដូចជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក វ្ល៉ូឌីមី ហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន កំពុងសម្រេចបានវឌ្ឍនភាពលើការធានាសន្តិសុខសម្រាប់ទីក្រុងគីវ។
នៅថ្ងៃទី ២៦ ខែធ្នូ សារព័ត៌មាន The Financial Times បានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីអឺរ៉ុបម្នាក់ដែលមិនបញ្ចេញឈ្មោះថា ប្រទេសដែលជាផ្នែកមួយរបស់«សម្ព័ន្ធភាពនៃឆន្ទៈ» កំពុងមានគម្រោងធ្វើកិច្ចចរចាជុំថ្មីមួយស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន នៅខែក្រោយ៕
