ដោយដកស្រង់របាយការណ៍ខាងបរិស្ថាន ទូរទស្សន៍រដ្ឋ CCTV នៅថ្ងៃចន្ទ (ទី២៩ ខែធ្នូ) នេះ បានរាយការណ៍ថា ដោយមិននិយាយចំឈ្មោះប្រទេសណាមួយ ប្រទេសចិនបានឲ្យដឹងថា សកម្មភាពយោធា ដូចជាការហ្វឹកហាត់ទម្លាក់គ្រាប់បែក នៅក្នុងដែនទឹក ជុំវិញតំបន់ Scarborough Shoal បានធ្វើឲ្យខូចថ្មប៉ប្រះទឹក នៅទីនោះ។
របាយការណ៍ដែលធ្វើឡើងដោយក្រសួងធនធានធម្មជាតិរបស់ប្រទេសនេះ ក៏បានបង្ហាញផងដែរថា «ការនេសាទខុសច្បាប់» និងសកម្មភាពលុកលុយទន្ទ្រានជាញឹកញាប់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ី ជុំវិញតំបន់ថ្មប៉ប្រះទឹកនេះ។

គួរបញ្ជាក់ថា ទាំងប្រទេសចិន និងហ្វីលីពីន សុទ្ទតែអះអាងសិទ្ធិដែនដី លើតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ជាការប្រទាញប្រទង់គ្រប់គ្រងលើដែនទឹកដ៏ធំមួយ នៅអាស៊ី ដែលមានតម្លៃដោយសារជាជលផលដ៏សម្បូរបែប និងជិតផ្លូវដឹកជញ្ជូនដ៏សំខាន់។ ប៉ុន្តែអធិបតេយ្យភាពមិនដែលត្រូវបានបង្កើតឡើងឡើយ។
តំបន់នោះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុងប៉េកាំងយ៉ាងមានប្រសិទ្ធភាព បើទោះជាមានទូកហ្វីលីពីនបន្តប្រតិបត្តិការ នៅទីនោះក៏ដោយ។ កាលពីខែកញ្ញា ប្រទេសចិនបានអនុម័តបង្កើតតំបន់បម្រុងធម្មជាតិជាតិ នៅឯតំបន់ថ្មប៉ប្រះទឹក ជាផែនការដែលហ្វីលីពីនបានថ្កោលទោសថា ជា «លេសយ៉ាងច្បាស់ក្រឡែត ដើម្បីធ្វើការកាន់កាប់»៕

