មន្ត្រីក្នុងតំបន់ នៅថ្ងៃចន្ទ (ទី២៩ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា អគ្គិភ័យឆាបឆេះលំនៅឋានថែទាំចាស់ជារាមួយកន្លែង នៅលើកោះ Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី បានបណ្ដាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ និង ៣នាក់ផ្សេងទៀតរងរបួស។
ប្រធានទីភ្នាក់ងារពន្លត់អគ្គភ័យ និងសង្គ្រោះរបស់ទីក្រុង លោក Jimmy Rotinsulu បាននិយាយថា អ្នកពន្លត់អគ្គិភ័យបានទទួលដំណឹងនៃការឆាបឆេះ នៅវេលាម៉ោង ៨:៣១នាទី (ម៉ោងក្នុងស្រុក) យប់ថ្ងៃអាទិត្យ នៅឯលំនៅឋានថែទាំចាស់ជរាមួយកន្លែង ក្នុងទីក្រុង Manado ភាគខាងជើងនៃខេត្ត Sulawesi។ លោកបានប្រាប់បណ្ដាញសារព័ត៌មានថា៖ «មានមនុស្សស្លាប់ចំនួន ១៦នាក់ ហើយមនុស្ស ៣នាក់ទៀតបានរងរបួសដោយរលាក»។

លោក Jimmy បាននិយាយថា សាកសពជនរងគ្រោះជាច្រើនត្រូវបានគេរកឃើញនៅក្នុងបន្ទប់របស់ពួកគេ ដោយបានបន្ថែមថា អ្នកស្រុកដែលជាជនចាស់ជរាជាច្រើននាក់ ទំនងជាកំពុងសម្រាកលង់លក់ នៅក្នុងបន្ទប់ នាពេលល្ងាច ជាពេលដែលអគ្គិភ័យបានឆាបឆេះឡើង។
លោកបានបញ្ជាក់ទៀតថា អាជ្ញាធរបានជម្លៀសមនុស្ស ១២នាក់ ដែលមិនមានរបួស ហើយបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យក្នុងតំបន់។
ខ្សែវីដេអូដែលត្រូវបានផ្សាយដោយទូរទស្សន៍ក្នុងស្រុក Metro TV បានបង្ហាញឲ្យឃើញអគ្គិភ័យឆាបឆេះលំនៅឋានថែទាំជាស់ជរា ខណៈអ្នកស្រុកបានជួយជម្លៀសមនុស្សចាស់ម្នាក់ចេញ៕


