ទូរទស្សន៍រដ្ឋ TRT Haber បានរាយការណ៍ថា មន្ត្រីនគរបាលទួរគីចំនួន ៧នាក់យ៉ាងតិច បានរងរបួសក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយក្រុមសកម្មប្រយុទ្ធដែលសង្ស័យជាសមាជិករដ្ឋឥស្លាមនៅក្នុងខេត្ត Yalova ភាគពាយព្យនៃប្រទេសទួរគី នៅថ្ងៃចន្ទ (ទី២៩ ខែធ្នូ) នេះ។
ប្រព័ន្ធផ្សព្វផ្សាយនេះ បានបន្តថា ក្រុមនគរបាលបានបើកប្រតិបត្តិការលើលំនៅឋានមួយកន្លែងដែលត្រូវបានគេជឿថា មានសមាជិកក្រុមសកម្មប្រយុទ្ធនៅក្នុងនោះ ក្បែរទីប្រជុំជន Yalova នៅឆ្នេរសមុទ្រ Marmara ភាគខាងត្បូងនៃទីក្រុងអ៊ីស្តង់ប៊ុល។ មន្ត្រីនគរបាលដែលរងរបួស មិនត្រូវបានរាយការណ៍ថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះឡើយ។

ចំណែកទូរទស្សន៍ NTV បានឲ្យដឹងថា ជនសង្ស័យបានបាញ់ប្រហារទៅលើនគរបាល ខណៈពួកគេបើកប្រតិបត្តិការ។ ប្រព័ន្ធផ្សព្វផ្សាយនេះ បានបន្ថែមថា កងកម្លាំងពិសេសរបស់នគរបាលត្រូវបានបញ្ជូនពីខេត្ត Bursa ទៅកាន់តំបន់នេះ ដើម្បីជួយគាំទ្រ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន នគរបាលទួរគីបានឃុំខ្លួនសមាជិកក្រុមរដ្ឋឥស្លាមចំនួន ១១៥នាក់ ដែលគេសង្ស័យថា ពួកគេគ្រោងនឹងធ្វើការវាយប្រហារ នៅថ្ងៃបុណ្យណូអែល និងឆ្នាំថ្មី នៅក្នុងប្រទេសនេះ។ ការិយាល័យរដ្ឋអាជ្ញាក្រុងអ៊ីស្តង់ប៊ុល បានឲ្យដឹងនាពេលនោះថា ក្រុមសកម្មប្រយុទ្ធ កំពុងរៀបចំផែនការវាយប្រហារប្រឆាំងនឹងអ្នកមិនមែនជាមូស្លីម ជាពិសេស៕

