នាព្រឹកថ្ងៃចន្ទ (ទី២៩ ខែធ្នូ) នេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រាប់ថា វឌ្ឍនភាព កំពុងត្រូវបានធ្វើឡើង ជុំវិញការធានាសន្តិសុខ សម្រាប់ប្រទេសអ៊ុយក្រែន បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy។

លោក Macron បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «យើងកំពុងធ្វើឲ្យមានវឌ្ឍនភាព ជុំវិញការធានាសន្តិសុខដែលនឹងជាចំណុចដ៏សំខាន់ ក្នុងការកសាងសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង»។ លោកក៏បានបញ្ជាក់ផងដែរថា បណ្ដាមេដឹកនាំសម្ព័ន្ធនឆន្ទៈរួម នឹងជួបជុំគ្នានៅទីក្រុងប៉ារីស នាដើមខែមករា «ដើម្បីបញ្ចប់ការរួមចំណែកជាក់ស្តែងរបស់ប្រទេសនីមួយៗ»។
គួរបញ្ជាក់ថា លោក Trump លោក Zelenskyy និងមេដឹកនាំអឺរ៉ុបបានជជែកគ្នាតាមទូរសព្ទ កាលពីថ្ងៃអាទិត្យ (ទី២៨ ខែធ្នូ) ក្នុងគោលបំណងពិភាក្សាអំពី «ជំហានជាក់ស្តែង» ដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។
ការពិភាក្សាតាមទូរសព្ទនោះ ដែលមានរយៈពេលជាង ១ម៉ោងបន្ទាប់ពីមានជំនួប រវាងលោក Trump និងលោក Zelenskyy រួមមានលោក Macron នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki នាយករដ្ឋមន្ត្រីន័រវ៉ែស លោក Jonas Gahr Store អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte និងប្រមុខគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula von der Leyen៕
