ភ្នំពេញ៖ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហារបស់អ៊ុយក្រែន-រុស្ស៊ី កម្ពុជារក្សាជំហរម៉ឺងម៉ាត់របស់ខ្លួនថា រដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋជាសមាជិកផ្សេងទៀត។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ឲ្យដឹងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា កាលពីយប់ថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ បានសម្រេចចិត្តចូលរួមជាប្រទេសសហស្ថាបនិកនៃសេចក្តីសំរេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន។
នៅក្នុងកិច្ចប្រជុំនោះ កម្ពុជាបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ ដែលកំពុងតែកើនឡើង និងលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើង ដែលបណ្តាលមកពីអារិភាពយោធាដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បន្តថា កម្ពុជាមានជំនឿចំពោះកិច្ចសន្ទនា និងការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យចេញផុតពីការគ្រប់គ្រង និងដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ជាមួយនឹងការយោគយល់ដល់ការបារម្ភនៃសន្តិសុខដែលពាក់ព័ន្ធ កម្ពុជារក្សាជំហរម៉ឺងម៉ាត់របស់ខ្លួនថា រដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋជាសមាជិកផ្សេងទៀត។
ទាក់ទិននឹងបញ្ហារវាងរុស្ស៊ី-អ៊ុយក្រែន កាលពីថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជម្លោះប្រដាប់អាវុធរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងក្លាយជាសង្គ្រាមដែលមានការរីកធំ ប្រសិនបើអឺរ៉ុបធ្វើសកម្មភាពដូចពេលនេះ ឬអឺរ៉ុបនីយកម្មសង្គ្រាម លើទឹកដីអ៊ុយក្រែន។
មកទល់ពេលនេះ មានរយៈពេល៧ថ្ងៃហើយ ដែលជម្លោះយោធារវាងរុស្ស៊ី និងអ៊ុយក្រែនបន្តប្រឈមមុខដាក់គ្នា ខណៈតំណាងប្រតិភូភាគីទាំងពីរនៅមិនទាន់មានការព្រមព្រៀងគ្នាក្នុងលក្ខខណ្ឌណាមួយជាក់លាក់នៅឡើយទេ៕អត្ថបទ សេក ឧត្តម


