សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ (ទី២៩ ខែធ្នូ) នេះ បានប្រកាសសន្យាផ្តល់ប្រាក់ចំនួន ២ពាន់លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) ខណៈដែលរដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump បន្តកាត់បន្ថយជំនួយបរទេសរបស់សហរដ្ឋអាមេរិក និងតឿនទីភ្នាក់ងារនានារបស់ UN ឲ្យ «សម្របខ្លួន កាត់បន្ថយ ឬបើមិនដូច្នោះទេ ត្រូវប្រឈមនឹងការបិទ» ដោយសារសភាពពិតនៃហិរញ្ញវត្ថុ។
ទឹកប្រាក់នេះ គឺចំណែកដ៏តូចមួយនៃចំនួនដែលសហរដ្ឋអាមេរិកបានបរិច្ចាគនាពេលកន្លងមក ប៉ុន្តែឆ្លុះបញ្ចាំងពីអ្វីដែលរដ្ឋបាលនេះជឿថា គឺជាទំហំដ៏គាប់ប្រសើរដែលនឹងបន្តរក្សាឋានៈរបស់សហរដ្ឋអាមេរិក ក្នុងនាមជាអ្នកផ្តល់ជំនួយមនុស្សធម៌ដ៏ធំជាងគេបំផុតរបស់ពិភពលោក។

ការសន្យានេះ បង្កើតបានជាមូលនិធិឆ័ត្រការពារមួយ ដែលប្រាក់មូលនិធិនឹងត្រូវបានផ្ដល់ដល់ទីភ្នាក់ងារនីមួយៗ និងអាទិភាព ដែលជាផ្នែកដ៏សំខាន់នៃការទាមទាររបស់សហរដ្ឋអាមេរិក ដើម្បីឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅទូទាំងស្ថាប័នរបស់ពិភពលោកមួយនេះ ដែលបានធ្វើឲ្យបុគ្គលិកមនុស្សធម៌ជាច្រើនព្រួយបារម្ភ និងនាំឲ្យមានការកាត់បន្ថយយ៉ាងខ្លាំងនូវកម្មវិធី និងសេវាកម្ម។
បើយោងតាមទិន្នន័យរបស់ UN បានឲ្យដឹងថា ចំនួន ២ពាន់លានដុល្លារនេះ គ្រាន់តែជាជំនួយដ៏ស្ដួចស្ដើងនៃជំនួយមនុស្សធម៌ប្រពៃណីរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ សម្រាប់កម្មវិធីគាំទ្រដោយ UN ដែលមូលនិធិបានឡើងដល់កម្រិត ១៧ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ មន្ត្រីអាមេរិកលើកឡើងថា មានតែ ៨ ទៅ ១០ពាន់លានដុល្លារប៉ុណ្ណោះ ក្នុងចំណោមចំនួននោះ គឺជាការរួមវិភាគទានដោយស្ម័គ្រចិត្ត។ សហរដ្ឋអាមេរិក ក៏បង់ប្រចាំឆ្នាំរាប់ពាន់លានដុល្លារផងដែរ ទាក់ទងនឹងសមាជិកភាព UN របស់ខ្លួន។
ក្រុមអ្នករិះគន់លើកឡើងថា ការកាត់បន្ថយជំនួយរបស់លោកខាងលិច ត្រូវបានធ្វើឡើង ដោយមិនបានគិតគូឲ្យបានវែងឆ្ងាយ ដោយជំរុញឲ្យមនុស្សរាប់លាននាក់ឆ្ពោះទៅកាន់ស្ថានភាពអត់ឃ្លាន បម្លាស់លំនៅ ឬមានជំងឺ ហើយនិងធ្វើឲ្យប៉ះពាល់ដល់ឥទ្ធិពលជាប្រពៃណីរបស់សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក៕
