មន្ត្រីពីក្រុមឥស្លាមនិយម នៅទីក្រុង Dhaka បាននិយាយនៅថ្ងៃចន្ទ (ទី២៩ ខែធ្នូ) នេះថា ក្រុមមន្ត្រីតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន បានទៅបំពេញទស្សនកិច្ចនៅប្រទេសបង់ក្លាដែស និងជួបជាមួយបណ្ដាមេដឹកនាំឥស្លាមនិយមដែលកំពុងប្រឹងប្រែងបង្កើនឥទ្ធិពលនយោបាយរបស់ពួកគេ នៅមុនការបោះឆ្នោតដែលនឹងចូលមកដល់ក្នុងខែកុម្ភៈខាងមុខនេះ។
លោក Abu Sayem Khaled ប្រធានសភាពាណិជ្ជកម្មបង់ក្លាដែស-អាហ្វហ្គានីស្ថាន បានប្រាប់សារព័ត៌មានថា ដំណើរទស្សនកិច្ចរបស់លោក Noor Ahmad Noor អគ្គនាយកនៅក្រសួងការបរទេសរបស់ទីក្រុងកាប៊ុលនេះ ក៏បានស្វែងរកការពង្រីកទំនាក់ទំនងពាណិជ្ជកម្មផងដែរ។

លោក Mamunul Haque មេដឹកនាំគណបក្សឥស្លាមនិយម Khelafat-e-Majlis បានប្រាប់សារព័ត៌មានថា លោក Noor ក៏បានទៅមើលសាលាសាសនារបស់លោកផងដែរ អំឡុងដំណើរទស្សនកិច្ចរយៈពេល ១សប្តាហ៍ នៅប្រទេសបង់ក្លាដែសនេះ។
រដ្ឋាភិបាលបណ្តោះអាសន្នរបស់បង់ក្លាដែសដែលដឹកនាំដោយម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ ទាក់ទងការធ្វើដំណើររបស់មន្រ្តីតាលីបង់នេះ។ តែមន្ត្រីក្រសួងការបរទេសម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា ដំណើរទស្សនកិច្ចរបស់លោក Noor គឺជារឿងផ្ទាល់ខ្លួន។
គួរដឹងថា ប្រទេសអាស៊ីខាងត្បូងដែលមានប្រជាជន ១៧០លាននាក់ ជាទីដែលមានអ្នកកាន់សាសនាឥស្លាមនិកាយស៊ុននីភាគច្រើន កំពុងរៀបចំត្រៀមសម្រាប់ការបោះឆ្នោតលើកដំបូងរបស់ខ្លួន ចាប់តាំងពីការធ្វើបាតុកម្មដ៏ធំ បានទម្លាក់រដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ក្នុងឆ្នាំ២០២៤៕
