ក្នុងពិធីសាសនានាឱកាសនេះ ប្រជាជនកម្ពុជាទូទាំងប្រទេសបានស្មិងស្មាធិ៍ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដី និងអធិបតេយ្យភាពជាតិ ដែលនេះជាការបង្ហាញក្តីគោរព និងការចងចាំមិនរលត់ចំពោះវីរភាព រួមទាំងការលះបង់ដ៏ធំធេងបំផុតសម្រាប់ជាតិ មាតុភូមិ។
ប្រជាជនកម្ពុជាទូទាំងប្រទេស រួមគ្នា បង្ហាញទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាចង់បានសន្តិភាព កម្ពុជាត្រូវការសន្តិភាព ហើយកម្ពុជាពិតជាមានចេតនាស្មោះត្រង់ក្នុងការបញ្ចប់សង្គ្រាមឱ្យបានឆាប់រហ័ស តាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើកិច្ចសន្ទនា ការទូត និងច្បាប់អន្តរជាតិ និងស្មារតីមនុស្សធម៌ ដើម្បីការពារជីវិតប្រជាជន រក្សាស្ថិរភាពសង្គម និងធានាអនាគតជាតិប្រកបដោយសុខសាន្ត ដែលជាមូលដ្ឋាននៃការអភិវឌ្ឍយូរអង្វែង។
















