ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ២៩ធ្នូសប្ដាហ៍នេះថា សហរដ្ឋអាមេរិក អាចគាំទ្រការវាយប្រហារដ៏សំខាន់មួយផ្សេងទៀតលើអ៊ីរ៉ង់ ប្រសិនបើនៅតែបន្តអភិវឌ្ឍន៍ឡើងវិញនូវកម្មវិធីមីស៊ីលផ្លោងបាលីស្ទីក ឬអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយបានព្រមានក្រុមហាម៉ាសអំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមិនព្រមរំសាយអាវុធ។

ថ្លែងនៅក្បែរនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បន្ទាប់ពីកិច្ចប្រជុំមួយនៅឯគេហដ្ឋាន Mar-a-Lago របស់លោកនៅរដ្ឋ Florida លោកTrump លើកឡើងថា ទីក្រុងតេអេរ៉ង់អាចនឹងកំពុងធ្វើការដើម្បីស្តារកម្មវិធីអាវុធរបស់ខ្លួនឡើងវិញ បន្ទាប់ពីការវាយប្រហារដ៏ធំរបស់សហរដ្ឋអាមេរិកកាលពីខែមិថុនា២០២៥។
លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានថា រូបលោកគិតថា ពួកគេកំពុងអភិវឌ្ឍន៍អាវុធ និងអ្វីៗផ្សេងទៀត ហើយប្រសិនបើពួកគេកំពុងផលិតថែមទៀត ពួកគេមិនកំពុងប្រើប្រាស់ទីតាំងដែលពួកលោកបានបំផ្លាញនោះទេ ពួកគេអាចប្រើទីតាំងផ្សេងៗទៀត។
លោកបានបន្ថែមថា ពួកលោកដឹងច្បាស់ពីកន្លែងដែលពួកគេកំពុងទៅ អ្វីដែលពួកគេកំពុងធ្វើ ហើយលោកសង្ឃឹមថាពួកគេមិនធ្វើទៅចុះ ព្រោះពួកលោកមិនចង់ខ្ជះខ្ជាយប្រេងយន្តហោះ B-2ទេ ដោយសំដៅទៅលើយន្តហោះទម្លាក់គ្រាប់បែកដែលបានប្រើវាយប្រហារកន្លងទៅ។ ពួកលោកបានប្រើរយៈពេល ៣៧ ម៉ោងទាំងទៅ ទាំងមក ។លោកមិនចង់ខ្ជះខ្ជាយប្រេងច្រើនទេ។
លោក Trump បាននិយាយថា កិច្ចពិភាក្សារបស់លោកជាមួយលោក Netanyahu ផ្តោតលើការជំរុញកិច្ចព្រមព្រៀងសន្តិភាពដ៏ផុយស្រួយនៅហ្កាហ្សាដែលលោកបានសម្របសម្រួល និងដោះស្រាយកង្វល់របស់អ៊ីស្រាអែលលើអ៊ីរ៉ង់ និងលើក្រុមហេសបូឡានៅលីបង់៕

