រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថាបានដាក់គោលដៅលើគេហដ្ឋានរបស់លោក Vladimir Putin ដោយយានដ្រូន ខណៈប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានច្រានចោលការចោទប្រកាន់នេះ តិចជាង២៤ ម៉ោង បន្ទាប់ពីការចរចាសន្តិភាពដ៏សំខាន់ជាមួយប្រធានាធិបតីអាមេរិក Donald Trump នៅសហរដ្ឋអាមេរិក។

ស្របពេលទីក្រុងមូស្គូពុំបានផ្តល់ភស្តុតាងនៃការវាយប្រហារដែលត្រូវបានចោទប្រកាន់នោះ ហើយលោក Zelenskyy បានបដិសេធយ៉ាងដាច់អហង្ការ លោក Trump បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថារូបលោកខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីត្រូវបានលោក Putin ប្រាប់លោកពីរឿងនេះនៅក្នុងការហៅទូរស័ព្ទមួយ ជាលើកទីពីររបស់មេដឹកនាំទាំងពីរក្នុងរយៈពេលពីរថ្ងៃ ស្របពេលការចរចាសន្តិភាពនៅតែបន្ត។

លោក Trump បាននិយាយថាលោកមិនចូលចិត្តបែបនេះទេ ព្រោះមិនល្អទាល់តែសោះ។ លោកបានឮរឿងនេះនៅព្រឹកនេះ។ អ្នកដឹងទេថា តើអ្នកណាប្រាប់រឿងនេះដល់លោក គឺលោកប្រធានាធិបតី Putin ជាអ្នកប្រាប់លោក។ នៅព្រឹកព្រលឹម លោក Putin បាននិយាយថាខ្លួនត្រូវបានគេវាយប្រហារ។

ពេលនេះជាពេលវេលាដ៏តានតឹងមួយ។ វាជារឿងមួយក្នុងចំណោមរឿងមិនល្អជាច្រើន ការវាយប្រហារលើផ្ទះរបស់លោកPutin គឺជារឿងផ្សេងមួយទៀត ។វាមិនមែនជាពេលវេលាត្រឹមត្រូវក្នុងការធ្វើរឿងទាំងនោះទេ។ លោកខឹងខ្លាំងណាស់ចំពោះរឿងនេះ។
ប្រធានាធិបតីអាមេរិករូបនេះ បានធ្វើអត្ថាធិប្បាយបែបនេះ នៅពេលរូបលោកថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងទូលំទូលាយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅឯគេហដ្ឋានឆ្នេរសមុទ្រ Mar-a-Lago របស់លោក កាលពីថ្ងៃចន្ទ ម៉ោងនៅរដ្ឋ Florida ៕