អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃចន្ទ (២៩ ធ្នូ) បានបើកទំព័រឆ្នាំថ្មីជាមួយនឹងការអំពាវនាវជាបន្ទាន់ ទៅកាន់បណ្ដាមេដឹកនាំពិភពលោកឱ្យ «ផ្ដល់អាទិភាពឱ្យបានត្រឹមត្រូវ» លើសន្តិភាព និងវិនិយោគលើការអភិវឌ្ឍ មិនមែនការបំផ្លិចបំផ្លាញនោះទេ។

នៅក្នុងសារឆ្នាំថ្មីរបស់លោកសម្រាប់ឆ្នាំ២០២៦ ខាងមុខ លោក Guterres បាននិយាយថា «ភាពវឹកវរ និងភាពមិនប្រាកដប្រជានៅជុំវិញខ្លួនយើង» ដោយកត់សម្គាល់ថា មនុស្សទូទាំងពិភពលោកកំពុងចោទសួរថា តើមេដឹកនាំកំពុងស្តាប់ពួកគេ និងត្រៀមខ្លួនធ្វើចាត់វិធានការដែរឬទេ។
សេចក្ដីអំពាវនាវសន្តិភាពនេះ កើតឡើងស្របពេលទំហំនៃទុក្ខវេទនាទូទាំងពិភពលោកនៅតែធ្ងន់ធ្ងរ។ យោងតាមស្ថិតិរបស់ UN មានមនុស្សជាង ១ភាគ៤ រស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយជម្លោះ ដោយមនុស្សជាង ២០០លាននាក់ ត្រូវការជំនួយមនុស្សធម៌ ហើយជិត ១២០លាននាក់ ជម្លៀសខ្លួនដោយបង្ខំ ដោយសារសង្គ្រាម វិបត្តិ គ្រោះមហន្តរាយ ឬការធ្វើទុក្ខបុកម្នេញជាដើម។
ខណៈដែលបញ្ហាប្រឈមផ្នែកមនុស្សធម៌និងការកាត់ផ្ដាច់ជំនួយបន្តកើតមាន ការចំណាយលើយោធាសកលបែរជាបន្តកើនឡើង។ លោក Guterres បាននិយាយថា ការចំណាយលើយោធា «បានកើនដល់ទៅ ២,៧ សែនកោដិដុល្លារអាមេរិក ដែលជាកំណើនជិត ១០%» ហើយអាចកើនឡើងទ្វេដងដល់ ៦,៦ សែនកោដិដុល្លារ នៅឆ្នាំ២០៣៥ ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត។
ប្រមុខ UN រូបនេះបន្ថែមថា តួលេខនេះគឺមានចំនួន ១៣ដង ច្រើនជាងជំនួយអភិវឌ្ឍន៍សកលសរុប ហើយស្មើនឹងផលិតផលក្នុងស្រុកសរុប GDP ទាំងមូលរបស់ទ្វីបអាហ្វ្រិក។ លោក Guterres បានសង្កត់ធ្ងន់ថា «ពិភពលោកមានធនធានដើម្បីលើកកម្ពស់ជីវិត ព្យាបាលភពផែនដី និងធានាអនាគតនៃសន្តិភាពនិងយុត្តិធម៌» ដោយអំពាវនាវដល់បណ្ដាមេដឹកនាំនៅឆ្នាំ២០២៦ ឱ្យជ្រើសរើសមនុស្សជាតិ និងភពផែនដី ជំនួសឱ្យសង្គ្រាម និងការបំផ្លិចបំផ្លាញ៕

