លោកស្រី Khaleda Zia ដែលបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុតរបស់ប្រទេសបង់ក្លាដែស ក្នុងឆ្នាំ១៩៩១ បានទទួលមរណភាពនៅថ្ងៃអង្គារ (៣០ ធ្នូ) នេះ បន្ទាប់ពីមានជំងឺអស់រយៈពេលដ៏យូរ នៅក្នុងវ័យ ៨០ឆ្នាំ។ លោកស្រី Khaleda បានបង្កើតការប្រកួតប្រជែងដ៏ជូរចត់ជាមួយអតីតនាយករដ្ឋមន្រ្តីបង់ក្លាដែសដ៏ចម្រូងចម្រាស គឺលោកស្រី Sheikh Hasina ខណៈភាគីទាំងពីរបានចំណាយពេលរាប់ទសវត្សរ៍ក្នុងការដោះដូរអំណាច។

គណបក្សជាតិនិយមបង់ក្លាដែស (BNP) របស់លោកស្រី បាននិយាយថា លោកស្រី Khaleda បានទទួលមរណភាពដោយសាររោគាពាធ។ គ្រូពេទ្យរបស់លោកស្រី បាននិយាយថា លោកស្រីមានជំងឺក្រិនថ្លើមដំណាក់កាលចុងក្រោយ ជំងឺរលាកសន្លាក់ ជំងឺទឹកនោមផ្អែម និង បញ្ហាទ្រូងនិងបេះដូង។ លោកស្រី Khaleda ធ្លាប់ទៅព្យាបាលនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស នាដើមឆ្នាំ២០២៥ នេះ ដោយស្នាក់នៅទីនោះអស់ ៤ខែ មុនពេលត្រឡប់ទៅបង់ក្លាដែសវិញ។
ទោះបីជាលោកស្រី Khaleda បានបាត់បង់អំណាចចាប់តាំងពីឆ្នាំ២០០៦ ហើយបានចំណាយពេលជាច្រើនឆ្នាំនៅក្នុងពន្ធនាគារ ឬស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះក៏ដោយ ក៏លោកស្រី និងគណបក្ស BNP ស្តាំនិយមកណ្តាលរបស់លោកស្រី នៅតែបន្តទទួលបានការគាំទ្រយ៉ាងច្រើន។ គណបក្ស BNP នេះក៏ត្រូវបានគេមើលឃើញថា ជាគណបក្សនាំមុខគេក្នុងការឈ្នះការបោះឆ្នោតសភាបង់ក្លាដែស ដែលគ្រោងនឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំក្រោយនេះ៕
