លោក Donald Trump បាននិយាយថា លោកសង្ឃឹមថានឹងឈានដល់ដំណាក់កាលទីពីរនៃផែនការសន្តិភាពហ្កាហ្សា យ៉ាងឆាប់រហ័ស ដោយលោកបានព្រមានថា ក្រុមហាម៉ាសនឹងត្រូវរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើពួកគេមិនព្រមរំសាយអាវុធឲ្យបានឆាប់ទេនោះ។

ប្រធានាធិបតីអាមេរិក ដែលផែនការសន្តិភាព២០ចំណុចរបស់លោកតម្រូវឱ្យក្រុមសកម្មប្រយុទ្ធទម្លាក់អាវុធ បានធ្វើអត្ថាធិប្បាយបែបនេះ នៅពេលលោកបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅរដ្ឋ Florida សម្រាប់ពិភាក្សានានាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានជាមួយលោក Netanyahu បន្ទាប់ពីកិច្ចប្រជុំរបស់លោកទាំងពីរ លោក Trump បាននិយាយថា អ៊ីស្រាអែល បានអនុវត្តតាមផែនការនេះ១០០% ទោះបីជាមានការវាយប្រហារជាបន្តបន្ទាប់ដោយយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សាក៏ដោយ។
នៅពេលសួរថាតើក្រុមហាម៉ាស និងអ៊ីស្រាអែល គួរឈានទៅដល់ដំណាក់កាលទីពីរនៃផែនការសន្តិភាពបានលឿនប៉ុណ្ណា លោក Trump បាននិយាយថា ឱ្យបានឆាប់តាមដែលពួកលោកអាចធ្វើបាន។ ប៉ុន្តែត្រូវតែមានការរំសាយអាវុធ។
និយាយអំពីក្រុមហាម៉ាស លោកថា ប្រសិនបើពួកគេមិនដាក់អាវុធចុះ ដូចដែលពួកគេបានយល់ព្រមទេនោះ អញ្ចឹងបន្ទាប់មក ពួកគេនឹងរងការខាតបង់យ៉ាងធ្ងន់ធ្ងរមិនខាន។ ពួកគេត្រូវតែរំសាយអាវុធក្នុងរយៈពេលដ៏ខ្លី។
លោក Trump ក៏បាននិយាយផងដែរថា ការកសាងឡើងវិញនៅតំបន់ហ្កាហ្សាអាចចាប់ផ្តើមក្នុងពេលឆាប់ៗនេះ៕

