ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារ ទី៣០ ខែធ្នូនេះ ថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចនៅរោងចក្រផលិតជើងទម្របាញ់រ៉ូក្កែតពហុមុខងារថ្មី និងបានសាទរចំពោះសមត្ថភាពប្រព័ន្ធអាវុធក្នុងការ «កម្ទេចសត្រូវ»។ ដំណើរទស្សនកិច្ចរបស់លោកគីម ទៅកាន់រោងចក្រនេះ ត្រូវបានរាយការណ៍មួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួនបានធ្វើការសាកល្បងមីស៊ីលស៊ីបគោលដៅរយៈចម្ងាយឆ្ងាយយុទ្ធសាស្ត្រចំនួនពីរគ្រាប់ដើម្បីបង្ហាញពី«ការត្រៀមប្រយុទ្ធ» ប្រឆាំងការគំរាមកំហែងពីបរទេស។

អមដោយមន្ត្រីជាន់ខ្ពស់មកពីកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង លោកគីម បាននិយាយថា ប្រព័ន្ធអាវុធថ្មីនេះនឹងបម្រើជា «មធ្យោបាយវាយប្រហារដ៏សំខាន់» របស់យោធាលោក នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) គ្រប់គ្រងដោយរដ្ឋ។
លោកបាននិយាយថា ប្រព័ន្ធរ៉ូក្កែតពហុមុខងារថ្មីនេះគឺជា «ប្រព័ន្ធអាវុធដ៏មានអានុភាពខ្លាំង ព្រោះវាអាចកម្ទេចសត្រូវតាមរយៈការវាយប្រហារតម្រង់គោលដៅក្នុងភាពច្បាស់លាស់ខ្ពស់ និងឥទ្ធិពលនៃការបំផ្លាញ»។ សារព័ត៌មាន KCNA បានរាយការណ៍បន្ថែមថា ប្រព័ន្ធនេះនឹងត្រូវបាន «ប្រើប្រាស់ក្នុងបរិមាណច្រើនសម្រាប់ការវាយប្រហារដ៏ក្លាំងក្លាក្នុងប្រតិបត្តិការយោធា» ។
រូបភាពប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថា លោក គីម ឈរនៅក្បែរប្រព័ន្ធមីស៊ីលថ្មីក្នុងរោងចក្រធំមួយ។ កូរ៉េខាងជើង នៅតែស្ថិតក្នុងសង្គ្រាមបច្ចេកទេសជាមួយប្រទេសកូរ៉េខាងត្បូង ហើយឃ្លាំងអាវុធកាំភ្លើងធំដ៏ច្រើនរបស់ខ្លួនត្រូវបានអ្នកវិភាគជឿជាយូរមកហើយថាជាចំណុចកណ្តាលនៃយុទ្ធសាស្ត្ររបស់ខ្លួន ប្រសិនបើជម្លោះផ្ទុះឡើងនៅលើឧបទ្វីបនេះ។

