ប្រទេសសូម៉ាលី បាននិយាយថា ការទទួលស្គាល់ដែនដី Somaliland របស់អ៊ីស្រាអែល ដែលជាតំបន់បំបែកខ្លួនចេញពីប្រទេសសូម៉ាលី គឺជា «ការគំរាមកំហែងដោយផ្ទាល់និងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ»។ នៅក្នុងលិខិតមួយច្បាប់ដែលបានសរសេរទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃចន្ទ ប្រទេសសូម៉ាលី បានច្រានចោលចំណាត់ការនេះថាជាការរំលោភលើដែនអធិបតេយ្យភាពរបស់ខ្លួន ដោយហៅវាថា «មិនអាចការពារបានផ្នែកសីលធម៌»។

កាលពីសប្តាហ៍មុន អ៊ីស្រាអែលបានក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់ជាផ្លូវការនូវសាធារណរដ្ឋ Somaliland ដែលប្រកាសខ្លួនឯងថាជារដ្ឋឯករាជ្យនិងអធិបតេយ្យភាព។ អ៊ីស្រាអែល បានចាត់ទុកចំណាត់ការនេះថាស្ថិតនៅក្នុងស្មារតីនៃកិច្ចព្រមព្រៀងAbraham សម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលបានធ្វើឱ្យទំនាក់ទំនងរវាងអ៊ីស្រាអែលនិងប្រទេសអារ៉ាប់មួយចំនួនមានលក្ខណៈប្រក្រតីឡើងវិញ។

លិខិតរបស់ប្រទេសសូម៉ាលីទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ជាក់ថា «យើងកត់សម្គាល់បន្ថែមទៀតដោយមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការទទួលស្គាល់នេះអាចបម្រើជាលេសសម្រាប់ការជម្លៀសដោយបង្ខំនៃពលរដ្ឋប៉ាឡេស្ទីនទៅកាន់ភាគពាយ័ព្យប្រទេសសូម៉ាលី»។
«សកម្មភាពរបស់អ៊ីស្រាអែល មិនត្រឹមតែបង្កើតគំរូដ៏គ្រោះថ្នាក់និងប្រឈមហានិភ័យនៃការធ្វើឱ្យតំបន់ញកអាហ្វ្រិក និងតំបន់សមុទ្រក្រហមអស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ» ដោយជំរុញឱ្យសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រក្សាដែនអធិបតេយ្យភាពរបស់ខ្លួន។