មេធាវីបាននិយាយនៅថ្ងៃអង្គារ (៣០ ធ្នូ) នេះថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ដែលជាប់ពន្ធនាគារ បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងសាលក្រមផ្តន្ទាទោសរបស់លោក កាលពីសប្តាហ៍មុន លើបទចោទអំពើពុករលួយ ទាក់ទងនឹងរឿងអាស្រូវមូលនិធិ 1MDB រាប់ពាន់លានដុល្លារ ដែលមើលឃើញលោក Najib ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារបន្ថែមចំនួន ១៥ឆ្នាំទៀត។

លោក Najib វ័យ ៧២ឆ្នាំ បានជាប់ពន្ធនាគារចាប់តាំងពីឆ្នាំ២០២២ មក ពីបទពុករលួយ ដែលទាក់ទងនឹងបទចោទប្រកាន់ថា ទឹកប្រាក់ប្រមាណ ៤,៥ ពាន់លានដុល្លារ ត្រូវបានលួចពីមូលនិធិអភិវឌ្ឍន៍ម៉ាឡេស៊ី 1Malaysia Development Berhad (ហៅកាត់ថា មូលនិធិរដ្ឋ 1MDB) ដែលលោកបានសហការបង្កើតឡើង នៅពេលកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០០៩។

នៅថ្ងៃទី២៦ ខែធ្នូ លោក Najib ត្រូវបានតុលាការរកឃើញថា មានទោសពីបទរំលោភអំណាច ៤ករណី និងបទសម្អាតប្រាក់កខ្វក់ ២១ករណី ដោយសារការទទួលប្រាក់ខុសច្បាប់ប្រហែល ២,៣ ពាន់លានរីងហ្គីត (ប្រមាណ ៥៦៧,៩០ លានដុល្លារអាមេរិក) ដែលមានប្រភពមកពីមូលនិធិ 1MDB នៅក្នុងការកាត់ក្តីដ៏ធំមួយ ខណៈលោក Najib តែងបដិសេធរាល់បទចោទប្រកាន់នានា។
ក្នុងសាលក្រមចុងក្រោយបំផុត លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១៥ឆ្នាំ និងពិន័យជាប្រាក់ជិត ៣ ពាន់លានដុល្លារ។ តុលាការបញ្ជាឱ្យលោក Najib ចាប់ផ្តើមអនុវត្តទោសបន្ថែម បន្ទាប់ពីអាណត្តិជាប់ពន្ធនាគារ ៦ឆ្នាំបច្ចុប្បន្នរបស់លោក បញ្ចប់នៅឆ្នាំ២០២៨។ មេធាវីរបស់លោក Najib បានបញ្ជាក់ថា បណ្តឹងឧទ្ធរណ៍ត្រូវបានដាក់កាលពីយប់ថ្ងៃចន្ទ ប្រឆាំងនឹងសាលក្រម និងការកាត់ទោសនេះ៕