ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មានលើកឡើងកាលពីថ្ងៃចន្ទ (២៩ ធ្នូ) ថា សហរដ្ឋអាមេរិក កំពុងស្នើឡើងនូវការផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន សម្រាប់រយៈពេល ១៥ឆ្នាំ ដែលជាផ្នែកមួយនៃសំណើផែនការសន្តិភាព។

យ៉ាងណាមិញ លោក Zelenskyy — ដែលបានជួបពិភាក្សាជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃអាទិត្យកន្លងទៅនៅរដ្ឋ Florida — បាននិយាយថា លោកចង់បានការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក រហូតដល់ ៥០ឆ្នាំ។
ថ្លែងប្រាប់អ្នកយកព័ត៌មាន លោក Zelenskyy បាននិយាយថា លោកបានស្នើទៅកាន់លោក Trump ក្នុងកិច្ចពិភាក្សានោះ ឱ្យជួយផ្តល់ការធានាសន្តិសុខរហូតដល់ ៥០ឆ្នាំ ដោយសង្កត់ធ្ងន់ថា "បើពុំមានការធានាសន្តិសុខទេ សង្គ្រាមនេះនឹងមិនបញ្ចប់ឡើយ"។
ជាមួយគ្នានេះ លោក Zelenskyy ក៏បានលើកឡើងផងដែរថា កិច្ចប្រជុំជាមួយភាគីរុស្ស៊ី នឹងអាចធ្វើទៅបាន លុះត្រាតែមេដឹកនាំអាមេរិកនិងអឺរ៉ុប យល់ព្រមលើក្របខណ្ឌសន្តិភាពដែលស្នើឡើងដោយអ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាមរបស់ទីក្រុងមូស្គូ។ លោកបន្ថែមថា អ៊ុយក្រែនចង់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរវាងមន្ត្រីអឺរ៉ុប និងអាមេរិក នៅ «ប៉ុន្មានថ្ងៃខាងមុខ» ដើម្បីបន្តធ្វើការលើឯកសារដើម្បីបញ្ចប់ជម្លោះ៕

