ទីប្រឹក្សានយោបាយជាន់ខ្ពស់ម្នាក់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា ការឈ្លានពានណាមួយប្រឆាំងនឹងប្រទេសនេះ នឹងត្រូវប្រឈមនឹង «ការឆ្លើយតបយ៉ាងខ្លាំងក្លាភ្លាមៗ» បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាម «បញ្ចប់» ការប៉ុនប៉ងណាមួយរបស់ទីក្រុងតេអេរ៉ង់ ក្នុងការកសាងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។

លោក Ali Shamkhani បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយ X ថា៖«សមត្ថភាពមីស៊ីល និងការការពាររបស់អ៊ីរ៉ង់ មិនអាចទប់ស្កាត់ ឬរារាំងបានទេ។ ការឈ្លានពានណាមួយ នឹងប្រឈមមុខនឹង «ការឆ្លើយតបដោយមិនញញើត»ភ្លាមៗ ហួសពីការស្រមើស្រមៃរបស់អ្នករៀបចំផែនការរបស់ខ្លួនទៅទៀត»។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅរដ្ឋហ្វ្លរីដា កាលពីថ្ងៃចន្ទ លោក ត្រាំ បានគំរាម «បញ្ចប់» ការប៉ុនប៉ងណាមួយរបស់ទីក្រុងតេអេរ៉ង់ ក្នុងការកសាងកម្មវិធីនុយក្លេអ៊ែរ ឬឃ្លាំងអាវុធមីស៊ីបាលីស្ទីករបស់ខ្លួនឡើងវិញ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីដើមឆ្នាំនេះ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំលើក ៥ របស់ពួកគេ នៅសហរដ្ឋអាមេរិក ចាប់តាំងពីលោក ត្រាំ វិលត្រឡប់មកកាន់អំណាចវិញ នៅឆ្នាំនេះ លោក ណេតាន់យ៉ាហ៊ូ ក៏ហាក់ដូចជាបានជំរុញមេដឹកនាំអាមេរិកឲ្យផ្តោតលើការព្រួយបារម្ភរបស់អ៊ីស្រាអែលចំពោះអ៊ីរ៉ង់។
មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានសម្តែងការព្រួយបារម្ភក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះថា អ៊ីរ៉ង់កំពុងកសាងឃ្លាំងអាវុធមីស៊ីលបាលីស្ទីករបស់ខ្លួនឡើងវិញ បន្ទាប់ពីវាបានរងការវាយប្រហារក្នុងអំឡុង សង្គ្រាមរយៈពេល ១២ ថ្ងៃ ជាមួយអ៊ីស្រាអែលក្នុងខែមិថុនា៕