សម្ព័ន្ធដើម្បីគាំទ្រភាពស្របច្បាប់នៅក្នុងប្រទេសយេម៉ែននៅថ្ងៃអង្គារនេះបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាស «មានកំណត់» ទៅលើនាវា ពីរគ្រឿង ដែលព្យាយាមនាំយកអាវុធចូលទៅក្នុងកំពង់ផែ Mukalla នៅភាគខាងត្បូងប្រទេសយេម៉ែន ដោយមិនទទួលបានការអនុញ្ញាតជាផ្លូវការ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត (SPA) អ្នកនាំពាក្យកងកម្លាំងចម្រុះ ឧត្តមសេនីយ៍ឯក Turki Al-Maliki បាននិយាយថា នាវាពីរគ្រឿង ដែលមកពីកំពង់ផែ Fujairah នៅក្នុងប្រទេសអារ៉ាប់រួម បានចូលទៅក្នុងកំពង់ផែ Mukalla នៅភាគខាងត្បូងប្រទេសយេម៉ែន ដោយពុំទទួលបានការអនុញ្ញាតជាផ្លូវការពីបញ្ជាការកងកម្លាំងចម្រុះនៃសម្ព័ន្ធមិត្តទេ។

អ្នកនាំពាក្យរូបនេះ បាននិយាយថា៖«ក្រុមនាវិកនៃនាវាទាំងពីរនោះ បានបិទប្រព័ន្ធតាមដានរបស់ពួកវា ហើយបានផ្ទុកអាវុធ និងយានយន្តប្រយុទ្ធមួយចំនួនធំ ដើម្បីគាំទ្រកងកម្លាំងក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង នៅក្នុងខេត្តភាគខាងកើតនៃប្រទេសយេម៉ែន (Hadramawt, Al-Mahra) ដោយមានគោលបំណងបញ្ឆេះជម្លោះនេះ។ នេះគឺជាការរំលោភយ៉ាងច្បាស់លាស់លើការដាក់បទឈប់បាញ់ និងការឈានដល់ដំណោះស្រាយដោយសន្តិវិធី ក៏ដូចជាការរំលោភលើសេចក្តីសម្រេចលេខ (២២១៦) ឆ្នាំ ២០១៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
លោក Al-Maliki បាននិយាយថា កងកម្លាំងចម្រុះបានធ្វើសកម្មភាពតាមសំណើរបស់ប្រធានក្រុមប្រឹក្សាភាពជាអ្នកដឹកនាំនៃប្រធានាធិបតីយេម៉ែន «ដើម្បីចាត់វិធានការយោធាចាំបាច់ទាំងអស់ ក្នុងការការពារជនស៊ីវិល នៅក្នុងខេត្ត Hadramawt និង Al-Mahra»៕