ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជ ហឫទ័យ ស្ដេចយាងចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃទី៤ខែមីនានេះ តាមព្រះទីនាំងយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្តេចទាំងទ្វេយាងពិនិត្យ និងព្យាបាលព្រះរាជសុខភាពមួយរយៈនៅទីនោះ។
យាងនិងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឥស្សរជនសំខាន់ៗនៃស្ថាប័នជាតិ ព្រះរាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នកការជាច្រើន រូប។
ដោយឡែក ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមន្ត្រីស្ថានទូតក៏មានវត្តមាន ក្នុងឱកាសនោះដែរ។
នៅក្នុងព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលឡាយព្រះហត្ថលេខាកាលពីថ្ងៃទី ២៨កុម្ភៈឆ្នាំ២០២២បានគូស បញ្ជាក់ថា «ព្រះអង្គទាំងទ្វេ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះង្គ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី៤ ខែមីនាឆ្នាំ២០២២តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព។
នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា»។
គួរបញ្ជាក់ដែរថា នេះគឺជាព្រះរាជដំណើរយាងជាទៀងទាត់រៀងរាល់៦ខែម្ដង របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ទៅកាន់រាជធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព។
ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជារាស្ត្រខ្មែរ បានបួងសួងដល់ព្រះបារមីនៃវត្ថុសក្តិសិទ្ធិក្នុងលោក បារមីនៃព្រះមហាស្វេត្រឆ័ត្រ និងបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតនៃព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធអតីតព្រះបរមរតកោដ្ឋសូមតាមជួយថែរក្សាគ្រង ព្រះអង្គទាំងទ្វេ សូមមានព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះជន្មាយុយឺនយូរដើម្បីស្តេចគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រ ជាកូន ជាចៅបានជ្រកកោន រស់នៅការពារ និងអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជាឱ្យរីកចម្រើនថែមទៀត៕
អត្ថបទ មុត សុទ









