ក្រសួងការបរទេសអារ៉ាប់រួម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសនេះ ថ្កោលទោសចំពោះការវាយប្រហាររបស់ទីក្រុងគីវទៅលើលំនៅដ្ឋានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងតំបន់ Novgorod។

សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា៖«អារ៉ាប់រួមបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប៉ុនប៉ងកំណត់គោលដៅលំនៅដ្ឋានរបស់ឯកឧត្តម វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ហើយបានថ្កោលទោសការវាយប្រហារដ៏អាក្រក់នេះ និងការគំរាមកំហែងដែលទីក្រុងគីវបង្កឡើងចំពោះសន្តិសុខ និងស្ថិរភាព»។

ក្រសួងបានបញ្ជាក់ពីសាមគ្គីភាពជាមួយលោកប្រធានាធិបតីរុស្ស៊ី ក៏ដូចជារដ្ឋាភិបាល និងប្រជាជនរបស់ប្រទេសនេះ ដោយអះអាងជាថ្មីអំពី «ការបដិសេធជាដាច់ខាតរបស់អារ៉ាប់រួមចំពោះអំពើហិង្សាគ្រប់ទម្រង់ដែលមានគោលបំណងបំផ្លាញសន្តិសុខ និងស្ថិរភាព»។
លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទថា នៅយប់ថ្ងៃទី ២៨-២៩ ខែធ្នូ ប្រទេសអ៊ុយក្រែនបានបើកការវាយប្រហារភេរវកម្មទៅលើលំនៅដ្ឋានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងតំបន់ Novgorod ដោយបានបាញ់បង្ហោះដ្រូនចំនួន ៩១ គ្រឿង។ លោក ឡាវរ៉ូវ បានកត់សម្គាល់ថា យានដ្រូនទាំងអស់ត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាស ពុំមានរបាយការណ៍អំពីអ្នកស្លាប់ ឬការខូចខាតណាមួយឡើយ។ ប្រមុខការទូតរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា សកម្មភាពនេះ ត្រូវបានធ្វើឡើងដោយទីក្រុងគីវ ក្នុងអំឡុងពេលនៃការចរចាយ៉ាងស្វិតស្វាញ ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន៕