ប្រភពព័ត៌មានចំនួនពីរ បាននិយាយនៅថ្ងៃអង្គារ (៣០ ធ្នូ) នេះថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់អាជ្ញាបណ្ណប្រចាំឆ្នាំ ដល់ក្រុមហ៊ុន Samsung Electronics និងក្រុមហ៊ុន SK Hynix ដើម្បីដឹកជញ្ជូនឧបករណ៍ផលិតបន្ទះឈីប ទៅកាន់រោងចក្ររបស់ពួកគេ នៅក្នុងប្រទេសចិន សម្រាប់ឆ្នាំ២០២៦។

ការអនុម័តនេះគឺជាភាពធូរស្រាលបណ្ដោះអាសន្នសម្រាប់ក្រុមហ៊ុនកូរ៉េខាងត្បូងទាំងនេះ ហើយបានកើតឡើងបន្ទាប់ពីការសម្រេចរបស់សហរដ្ឋអាមេរិក កាលពីដើមឆ្នាំ២០២៥ ក្នុងការលុបចោលការលើកលែងអាជ្ញាបណ្ណ ដែលផ្តល់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួន។ ប្រភពនិយាយថា ទីក្រុងវ៉ាស៊ីនតោន បានដាក់ចេញប្រព័ន្ធអនុម័តប្រចាំឆ្នាំ សម្រាប់ការនាំចេញឧបករណ៍ផលិតបន្ទះឈីបទៅកាន់ចិន។
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Samsung និង SK Hynix ព្រមទាំង TSMC ធ្លាប់ទទួលបានអត្ថប្រយោជន៍ពីការលើកលែង ចំពោះការរឹតបន្តឹងយ៉ាងទូលំទូលាយរបស់ទីក្រុងវ៉ាស៊ីនតោន លើការនាំចេញ ទាក់ទងនឹងបន្ទះឈីបទៅកាន់ចិន។ ប៉ុន្តែសុពលភាពនៃឯកសិទ្ធិដែលគេស្គាល់ថាជា "ស្ថានភាពអ្នកប្រើប្រាស់ចុងក្រោយ" នឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំនេះ ដែលមានន័យថា ការដឹកជញ្ជូនឧបករណ៍ផលិតបន្ទះឈីប របស់អាមេរិកទៅកាន់រោងចក្ររបស់ពួកគេនៅចិន ក្រោយកាលបរិច្ឆេទនោះ នឹងតម្រូវឱ្យមានអាជ្ញាបណ្ណនាំចេញរបស់សហរដ្ឋអាមេរិក។
ក្រុមហ៊ុន Samsung Electronics របស់កូរ៉េខាងត្បូង ដែលជាស្ថាប័នផលិតបន្ទះឈីបអង្គចងចាំកំពូលរបស់ពិភពលោក និងក្រុមហ៊ុន SK Hynix ដែលជាប់ចំណាត់ថ្នាក់លេខពីរ ចាត់ទុកប្រទេសចិន ថាជាមូលដ្ឋានផលិតកម្មដ៏សំខាន់មួយរបស់ពួកគេ៕

