តម្លៃប្រេងបានមើលឃើញការថយចុះបន្តិច នៅថ្ងៃអង្គារ (៣០ ធ្នូ) នេះ បន្ទាប់ពីកំណើនជាង ២% ក្នុងវគ្គជួញដូរពីមុន ដែលមួយផ្នែកដោយសារតែតម្លៃរបស់លោហៈមានតម្លៃដូចជាមាស ប្រាក់និងផ្លាទីន បានដកថយពីកំណើនរបស់ខ្លួន ហើយស្របពេលភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែមិនអន់ថយ ដែលធ្វើឱ្យទីផ្សារកំពុងបារម្ភពីការរំខានផ្នែកផ្គត់ផ្គង់។

សន្ទស្សន៍ប្រេងឆៅ Brent សម្រាប់ការចែកចាយខែកុម្ភៈខាងមុខ ដែលផុតកំណត់នៅថ្ងៃអង្គារនេះ បានធ្លាក់ចុះ ២១សេន ឬ ០,៣% មកនៅត្រឹម ៦១,៧៣ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល ០១:៥០នាទី រំលងអាធ្រាត្រចូលថ្ងៃអង្គារ។ កិច្ចសន្យាខែមីនា សម្រាប់ប្រេងឆៅប្រភេទនេះ មានតម្លៃ ៦១,៣០ដុល្លារ ពោលគឺធ្លាក់ចុះ ១៩សេន ឬ ០,៣%។ ចំណែកសន្ទស្សន៍ប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ២០សេន ឬ ០,៣% មកនៅត្រឹម ៥៧,៨៨ដុល្លារ។
សន្ទស្សន៍ទាបជាងមុនបែបនេះ បានកើតឡើងបន្ទាប់ពីទីក្រុងមូស្គូ បានចោទទីក្រុងគីវថា បានកំណត់គោលដៅវាយប្រហារយានដ្រូនលើនិវេសនដ្ឋានរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ប៉ុន្តែអ៊ុយក្រែន បានបដិសេធ ដែលបង្កឱ្យមានការភ័យខ្លាចពីការរំខានកាន់តែអាក្រក់ដល់ការផ្គត់ផ្គង់។

អ្នកវិភាគទីផ្សារនៅស្ថាប័ន Marex បាននិយាយថា សន្ទស្សន៍តម្លៃលក់របស់ប្រេង នៅពេលនេះ ប្រហែលជាបណ្តាលមកពីភាពប្រែប្រួលដ៏សំខាន់នៅក្នុងលោហៈមានតម្លៃ ដែលប៉ះពាល់ដល់ទំនិញស្ទើរតែទាំងអស់ ម្យ៉ាងវិញទៀត ទីផ្សារសកលកំពុងមានអារម្មណ៍ថា កិច្ចព្រមព្រៀងមួយនឹងពិបាកសម្រេចបានណាស់ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន៕