នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ សមាជិករដ្ឋសភាកម្ពុជា នៃសភាវ័យក្មេង ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រារព្ធពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ជួយសង្គ្រោះជីវិតវីរកងទ័ព និងពលរដ្ឋភៀសសឹក ដែលត្រូវការឈាមក្នុងករណីចាំបាច់។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា និងជាប្រធានក្រុមសមាជិករដ្ឋសភាកម្ពុជា នៃសភាវ័យក្មេង នៅវិមានរដ្ឋសភា។
នៅក្នុងមតិស្វាគមន៍ ឯកឧត្តម គាំម កុសល អគ្គលេខាធិការរងរដ្ឋសភា បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងបានបញ្ជាក់ថា ការជួបជុំនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការជួបជាបរិច្ចាគឈាមមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ហាញពីសាមគ្គីមហាគ្រួសារខ្មែររបស់បងប្អូនប្រជាពលរដ្ឋនៅជួរក្រោយ សម្រាប់វីរយុទ្ធជននៅជួរមុខ ដែលបានលះបង់ឈាមស្រស់ សាច់ស្រស់ និងអាយុជីវិត ការពារបូរណភាពទឹកដី នៃជម្លោះព្រំដែនកម្ពុជា-ថៃ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា យុទ្ធនាការបរិច្ចាគឈាមនៅថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា ក្នុងនោះរួមមាន៖ ទី១- បង្កើតទម្លាប់ និងបណ្តុះវប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បី លើកកម្ពស់យុវជន និងប្រជាជនទូទៅ ឱ្យចូលរួមជាមួយសេវាកម្មជាតិផ្តល់ឈាមទូទាំងប្រទេស ដើម្បីធានាការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យ ដោយមិនរើសអើង មិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ និងទី២- ផ្សារភ្ជាប់សកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃ ក្នុងសង្គមកម្ពុជាយើង។
ឯកឧត្តម សួស យ៉ារ៉ា មានប្រសាសន៍ថា ការបរិច្ចាគឈាមថ្ងៃនេះ មិនមែនធ្វើឡើងខណៈពេលដែលប្រទេសកំពុងមានជម្លោះព្រំដែនជាមួយប្រទេសជិតខាងនោះទេ ប៉ុន្តែគឺជាការធានាដល់ការផ្គត់ផ្គង់ឈាមជារៀងរាល់ថ្ងៃដល់មន្ទីរពេទ្យទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ឯកឧត្តម បានចាត់ទុកការបរិច្ចាគឈាមថ្ងៃនេះ គឺជាដំណក់ឈាមប្រជាជន ដែលមិនប្រកាន់អាយុ និន្នាការនយោបាយ និងសាសនា ហើយការបរិច្ចាគឈាមនៅថ្ងៃនេះ គឺជាការបង្ហាញពីសាមគ្គីភាពជាមួយវីរយុទ្ធជនជួរមុខ ជាពិសេសការបង្ហូរឈាមរបស់យើងថ្ងៃនេះ មិនស្មើនឹងការបង្ហូរឈាមរបស់វីរយុទ្ធជនយើង ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែលត្រូវបែកឆ្ងាយពីក្រុមគ្រួសារនោះទេ ក្នុងរយៈកាលនៃការប៉ះទង្គិចដោយអាវុធអស់រយៈពេលបីសប្តាហ៍កន្លងមកនេះទេ។
ឯកឧត្តម ប្រធានគណៈកម្មការទី៥ បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការសង្គ្រោះ និងព្យាបាលវីរៈយុទ្ធជន ដែលបានរងរបួសក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋដែលបានរបួស ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធ តាមព្រំដែនកម្ពុជា-ថៃ។
ស្របពេលដែលប្រទេសជាតិកំពុងមានតម្រូវការលើសុខមាលភាពផ្លូវកាយ និងផ្លូវចិត្ត តាងនាមប្រធានក្រុមសមាជិករដ្ឋសភាកម្ពុជានៃសភាវ័យក្មេង ឯកឧត្តម សួស យ៉ារ៉ា បានដាក់ចេញទិសដៅការងារសំខាន់ចំនួន២ គឺ៖ ទី១- ការបង្ហូរឈាម ដែលជាការបរិច្ចាគឈាមមនុស្សធម៌សង្រ្គោះជីវិត មិនត្រឹមតែជាការបរិច្ចាគពីថ្នាក់ដឹកនាំ និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភានោះទេ ក្រុមសមាជិករដ្ឋសភាកម្ពុជានៃសភាវ័យក្មេងនឹងបន្តបេសកកម្មនេះ នៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស ដោយសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅពេលដែលជាតិយល់ថាចាំបាច់។
ឯកឧត្តម បានបន្តទៀតថា ដោយឡែកទិសដៅការងារទី២- ដើម្បីជួយការពារបងប្អូនប្រជាពលរដ្ឋ និងកុមារនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្រុមសមាជិករដ្ឋសភាកម្ពុជានៃសភាវ័យក្មេង នឹងបង្កើតមូលនិធិកសាងជម្រកសុវត្ថិភាព ជាលេណដ្ឋានបេតុង ជូនប្រជាពលរដ្ឋនៅតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលមានចំងាយពីព្រំដែន ៥០គីឡូម៉ែត្រ ព្រមទាំងសាងសង់សាលារៀនចល័តធ្វើពីកៅស៊ូតង់ នៅតាមមណ្ឌលសុវត្ថិភាពរបស់ប្រជាពលរដ្ឋភៀសសឹក ដើម្បីកុមារ និងសិស្សបានបន្តការសិក្សា និងចែករំលែកភាពកក់ក្តៅរវាងគ្នា។
សូមជម្រាបជូនថា ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ២០២៤កន្លងមក មជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៥នាទីម្តង។ រាជធានីភ្នំពេញ មានតម្រូវការឈាមជាមធ្យម ៣៥០ប្លោក ក្នុង១ថ្ងៃ។ នៅទូទាំងប្រទេស មានតម្រូវការជិត ១៧៩,៣៣២ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង ៧៥% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ដោយឡែកការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្តបានតែ ២២.១% នៃតម្រូវការក្នុងប្រទេសតែប៉ុណ្ណោះ។ បើយោងតាមទិន្នន័យអង្គការសុខភាពពិភពលោក ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តត្រូវមាន ៩០% នៃតម្រូវការទើបជាគោលដៅល្អ ស្របតាមនិយាមអន្តរជាតិសម្រាប់ប្រទេសជាតិយើង៕