នៅពេលដែលឆ្នាំ២០២៥ ជិតត្រូវបញ្ចប់ហើយនោះ បណ្ដាអ្នកវិភាគជម្លោះ និងការពារជាតិ បានព្រមានថា ឆ្នាំ២០២៦ អាចនឹងឈានទៅដល់ដំណាក់កាលនៃការមានភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយកាន់តែខ្លាំងឡើង ដោយសង្រ្គាមមិនទាន់ត្រូវបានដោះស្រាយ និងការលេចឡើងនូវតំបន់ក្ដៅជាច្រើន នៅជុំវិញពិភពលោក។

រាប់ចាប់ពីជម្លោះដែលកំពុងបន្តមាននៅក្នុងប្រទេសអ៊ុយក្រែន និងស៊ូដង់ រហូតដល់បទឈប់បាញ់ដ៏ផុយស្រួយ នៅតំបន់ហ្កាហ្សា រួមជាមួយនឹងភាពតានតឹងដែលកំពុងកើនឡើង ពាក់ព័ន្ធនឹងប្រទេសវ៉េណេស៊ុយអេឡា និងកោះតៃវ៉ាន់ បណ្ដាអ្នកជំនាញលើកឡើងថា ឆ្នាំខាងមុខទំនងជាមិនមានភាពប្រែប្រួលអ្វីល្អប្រសើរខុសប្លែកពីឆ្នាំចាស់នោះឡើយ។
លោក Neophytos Loizides សាស្រ្តាចារ្យនៃការវិភាគជម្លោះអន្តរជាតិ នៅសាកលវិទ្យាល័យ Warwick (អង់គ្លេស) បានប្រាប់សារព័ត៌មាន Anadolu ថា ជម្លោះកើតមានដ៏ញឹកញាប់ នឹងកើនឡើងនៅប៉ុន្មានឆ្នាំខាងមុខ។ លោកបានបញ្ជាក់ថា៖ «នៅប៉ុន្មានឆ្នាំខាងមុខ យើងនឹងឃើញជម្លោះកាន់តែច្រើន ពោលគឺច្រើនជាងពេលណាៗទាំងអស់ ក្នុងប៉ុន្មានទសវត្សរ៍ខាងមុខ»។
សាស្ត្រាចារ្យរូបនេះបានសង្កត់ធ្ងន់ថា ហានិភ័យមិនមែនកើតចេញពីតំបន់តែមួយនោះទេ ប៉ុន្តែនឹងចេញមកពី «វិបត្តិជាសាកលក្នុងពេលដំណាលគ្នា» ដែលរដ្ឋាភិបាលនានាហាក់ដូចជាកាន់តែលែងអាចគ្រប់គ្រងបាន៕


