ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan កាលពីថ្ងៃចន្ទ (ទី២៩ ខែធ្នូ) បានប្រាប់រជ្ជទាយាទគុយវ៉ែត Sheikh Sabah Khaled Al Sabah ថា កិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់ កំពុងកើនឡើង ដោយលោកបានលើកឡើងពីការសម្រេចរបស់ទីក្រុង Tel Aviv ក្នុងការទទួលស្គាល់ដែនដីផ្ដាច់ខ្លួន Somaliland ជាឧទាហរណ៍នៃរឿងនេះ។

ហើយអគ្គនាយកដ្ឋានទំនាក់ទំនងរបស់ប្រទេសទួរគី បានឲ្យដឹងថា លោក Erdogan បានបន្ថែមថា បូរណភាពដែនដីរបស់ប្រទេសសូម៉ាលី ត្រូវតែត្រូវបានគាំទ្រ ដោយនេះគឺជាអ្វីដែលលោកបានលើកឡើងនៅពេលជជែកតាមទូរសព្ទជាមួយព្រះអង្គម្ចាស់ Sheikh Sabah ជាពេលពេលដែលឥស្សរជនជាន់ខ្ពស់ទាំង២ ក៏បានពិភាក្សាផងដែរ អំពីបញ្ហាទ្វេភាគី តំបន់ និងពិភពលោក។
ជាមួយគ្នានេះ លោក Erdogan បានឲ្យដឹងទៀតថា ការងារកំពុងត្រូវបានធ្វើ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីទួរគី-គុយវ៉ែត លើគ្រប់វិស័យ ដោយបន្ថែមថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ នឹងបន្តរីកចម្រើន។
ដោយបង្ហាញពីក្តីសង្ឃឹមថា ការកសាងតំបន់ហ្កាហ្សាឡើងវិញ នឹងចាប់ផ្តើមនៅពេលដែលបទឈប់បាញ់យូរអង្វែង និងសន្តិភាព ត្រូវសម្រេចបាន លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ រវាងទួរគី និងគុយវ៉ែត នឹងមានសារៈសំខាន់នៅក្នុងដំណើរការនេះ៕
