លោកស្រី Yulia Zhdanova ប្រធានគណៈប្រតិភូរុស្ស៊ីទៅចូលរួមកិច្ចពិភាក្សាទីក្រុងវីយែនស្តីពីសន្តិសុខយោធា និងការគ្រប់គ្រងអាវុធ បានប្រាប់សារព័ត៌មាន TASSថា ការពិភាក្សាអំពីអនាគតនៃយន្តការគ្រប់គ្រងអាវុធធម្មតានៅអឺរ៉ុប គឺគ្មានន័យទេ ប្រសិនបើផលប្រយោជន៍របស់រុស្ស៊ី មិនត្រូវបានពិចារណានោះទេ។
លោកស្រីបាននិយាយថា៖«លោកខាងលិចគួរតែបោះបង់ចោលគោលដៅខ្វះការប្រុងប្រយ័ត្នរបស់ខ្លួន ក្នុងការបំផ្លាញសន្តិសុខជាតិរបស់រុស្ស៊ី ប្រឈមមុខនឹងប្រទេសរបស់យើង និងបង្កឲ្យមានអ្វីដែលហៅថា ការបរាជ័យជាយុទ្ធសាស្ត្រលើប្រទេសនេះ ក៏ដូចជាការមិនអើពើនឹងផលប្រយោជន៍របស់រុស្ស៊ី។ បញ្ហាសន្តិសុខសំខាន់ៗ ដូចជាការពង្រីកទៅភាគខាងកើតរបស់អង្គការណាតូ ត្រូវតែដោះស្រាយ។ មានតែពេលនោះទេ ទើបអាចចាប់ផ្តើមការពិភាក្សាដ៏សំខាន់មួយអំពីការគ្រប់គ្រងអាវុធធម្មតា និងគោលការណ៍ដែលពួកគួរតែផ្អែកលើ»។

លោកស្រី Zhdanova បានបន្ថែមថា ទោះបីជាមានការកើនឡើងភាពតានតឹងផ្នែកយោធា និងនយោបាយក៏ដោយ ប្រទេសណាតូមួយចំនួននាពេលថ្មីៗនេះ បានលើកកម្ពស់គំនិតនៃការបន្តការពិភាក្សាលើអនាគតនៃយន្តការគ្រប់គ្រងអាវុធធម្មតា នៅក្នុងអង្គការសម្រាប់សន្តិសុខ និងសហប្រតិបត្តិការ នៅអឺរ៉ុប (OSCE)។
អ្នកការទូតរូបនេះ បានសង្កត់ធ្ងន់ថា៖«យើងជឿថា រឿងនេះ មិនទាន់ដល់ពេលទេ។ គូប្រជែងលោកខាងលិច កំពុងព្យាយាមធ្វើសកម្មភាពគ្មានសណ្តាប់ធ្នាប់ ការផ្តល់អាទិភាពដល់ផលវិបាកជាងមូលហេតុ ឬការធ្វើការសម្រេចចិត្ត មុនពេលបង្កើតមូលដ្ឋានគ្រឹះចាំបាច់។ ដើម្បីចាប់ផ្តើមការពិភាក្សានេះ កុំថាឡើយរៀបចំក្របខ័ណ្ឌថ្មី សូម្បីតែលក្ខខណ្ឌត្រឹមត្រូវ ក៏ត្រូវតែបង្កើតឡើងដែរ។ ជាដំបូង អឺរ៉ុបត្រូវឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន»៕
