បេឡារុស៖ អ្នកចរចានៃភាគីទាំងពីរបាននិយាយថា ប្រទេសអ៊ុយក្រែន និងរុស្ស៊ីបានព្រមព្រៀងគ្នាបង្កើតច្រករបៀងមនុស្សធម៌ដើម្បីជម្លៀសជនស៊ីវិល នៅក្នុងជុំទីពីរនៃកិច្ចចរចាចាប់តាំងពីទីក្រុងមូស្គូ បានឈ្លានពានចូលអ៊ុយក្រែនកាលពីសប្តាហ៍មុន។

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បាននិយាយនៅលើបណ្តាញ Twitter ថា ជុំទីពីរនៃកិច្ចចរចាបានបញ្ចប់ហើយ ប៉ុន្តែអ៊ុយក្រែនមិនទាន់ទទួលបានលទ្ធផលដែលខ្លួនត្រូវការនៅឡើយ។ មានការសម្រេចតែលើការរៀបចំឲ្យមានច្រករបៀងមនុស្សធម៌ សម្រាប់ការជម្លៀសជនស៊ីវិលប៉ុណ្ណោះ។ ការចរចារវាងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឡើងនៅព្រំដែនប្រទេសប៉ូឡូញ-បេឡារុសនៅថ្ងៃទី៨ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ អ្នកចរចារុស្ស៊ីបានបញ្ជាក់ថា ភាគីទាំងពីរបានព្រមព្រៀងបង្កើតច្រកចេញសម្រាប់ជនស៊ីវិល។ អ្នកចរចាសំខាន់របស់រុស្ស៊ី ជាទីប្រឹក្សាប្រធានាធិបតីរុស្សីលោក Vladimir Putin លោក Vladimir Medinsky និយាយថា បញ្ហាចម្បងដែលយើងសម្រេចនៅថ្ងៃនេះគឺបញ្ហានៃការជួយសង្គ្រោះប្រជាជន និងជនស៊ីវិលដែលស្ថិតនៅក្នុងតំបន់នៃការប៉ះទង្គិចគ្នាផ្នែកយោធា។
លោកនិយាយថា រុស្ស៊ីអំពាវនាវដល់ជនស៊ីវិលដែលមើលឃើញថា ខ្លួនស្ថិតក្នុងស្ថានភាពនេះ ប្រសិនបើសកម្មភាពយោធានៅតែបន្តត្រូវប្រើប្រាស់ច្រករបៀងមនុស្សធម៌ក្នុងការជម្លៀសខ្លួន។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិយាយថា រុស្ស៊ីនឹងបន្តទទូចថា កិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយអ៊ុយក្រែន ត្រូវតែរួមមានការសន្យាថា អ៊ុយក្រែននឹងគ្មានយោធា។ រុស្សីបានផ្តល់សញ្ញាថា ខ្លួនមានបំណងពិភាក្សាជាមួយអ៊ុយក្រែនឲ្យទទួលយកស្ថានភាពអព្យាក្រឹត និងយល់ព្រមបោះបង់មហិច្ឆតាក្នុងការចូលរួម ជាមួយសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)៕
អត្ថបទ៖ ប៊ុនថន