សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី២៩ ខែធ្នូ) បានប្រាប់ឲ្យដឹងថា ខ្លួនបានយល់ព្រមលើការលក់យន្តហោះល្បាតតម្លៃ ១,៨ពាន់លានដុល្លារ ទៅឲ្យប្រទេសដាណឺម៉ាក ទោះបីជាមានភាពតានតឹងជាថ្មី បន្ទាប់ពីបេសកជនរបស់លោកប្រធានាធិបតី Donald Trump បានអំពាវនាវម្តងទៀតឲ្យមានការដណ្ដើមគ្រប់គ្រងលើកោះ Greenland ក៏ដោយ។
ក្រសួងការបរទេសបានឲ្យដឹងថា ខ្លួនបានអនុម័តយល់ព្រម ចំពោះសំណើពីប្រទេសដាណឺម៉ាក ក្នុងការទិញយន្តហោះល្បាត និងឈ្លបយកការណ៍ P-8A ពីក្រុមហ៊ុន Boeing ដែលនឹងមានចំនួនរហូតដល់ទៅ ៣គ្រឿង។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយទៅកាន់សភាថា ការលក់នេះនឹង «គាំទ្រដល់គោលដៅគោលនយោបាយការបរទេស និងវត្ថុបំណងពាក់ព័ន្ធនឹងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយធ្វើឲ្យកាន់តែប្រសើរឡើងនូវសន្តិសុខរបស់សម្ព័ន្ធមិត្តណាតូ (NATO) ដែលជាកម្លាំង សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ច នៅតំបន់អឺរ៉ុប»។
នៅមួយសប្តាហ៍មុននេះ ក្រសួងការបរទេសបានអនុម័តការលក់ដាច់ដោយឡែកតម្លៃជិត ១ពាន់លានដុល្លារ សម្រាប់មីស៊ីលបាញ់ពីអាកាសទៅអាកាសទៅឲ្យប្រទេសដាណឺម៉ាក។
គួរដឹងថា សហរដ្ឋអាមេរិក បានជំរុញសម្ព័ន្ធមិត្តណាតូជាយូរមកហើយឲ្យចំណាយលើវិស័យការពារជាតិបន្ថែមទៀត ដោយលោក Trump ព្យាយាមកាត់បន្ថយវត្តមានរបស់អាមេរិក នៅអឺរ៉ុប បើទោះជារុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក៏ដោយ។ ប៉ុន្តែអឺរ៉ុបមានការភ្ញាក់ផ្អើល ចំពោះការបង្ហាញរបស់លោក Trump ពាក់ព័ន្ធនឹងការចង់គ្រប់គ្រងលើកោះ Greenland ដែលជាដែនដីស្វយ័តរបស់ដាណឺម៉ាក៕
