អ្នកធ្វើដំណើរនៅអាកាសយានដ្ឋានអន្តរជាតិ Taiwan Taoyuan និយាយថា ពួកគេនៅតែរក្សាផែនការរបស់ខ្លួននៅថ្ងៃអង្គារ ទី៣០ ខែធ្នូនេះ ខណៈសមយុទ្ធយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់គំរាមកំហែងធ្វើឲ្យរំខានដល់ជើងហោះហើរអន្តរជាតិ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់កោះតៃវ៉ាន់ បាននិយាយថា ផ្លូវហោះហើរចំនួន១១ ក្នុងចំណោម ១៤នៃទីក្រុងតៃប៉ិ នឹងរងផលប៉ះពាល់ដោយសមយុទ្ធនេះ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរជាង ១សែននាក់និងនៅសល់តែច្រករបៀងភាគឦសានទៅកាន់ប្រទេសជប៉ុនប៉ុណ្ណោះដែលបើកសម្រាប់ជើងហោះហើរពាណិជ្ជកម្ម។ ផ្លូវទៅកាន់កោះ Kinmen និង Matsu នៅជិតឆ្នេរសមុទ្រចិន ត្រូវបានបិទ។
វិស្វករអាយុ៥០ឆ្នាំ អ្នកស្រី Fan Jui-lan បានដឹងអំពីសមយុទ្ធ «បេសកកម្មយុត្តិធម៌ ២០២៥» របស់ចិននៅយប់មុនពេលអ្នកស្រី និងក្រុមគ្រួសារ ត្រូវជិះយន្តហោះទៅកាន់ទីក្រុង Hangzhou ប្រទេសចិន។
អ្នកស្រីរំពឹងថានឹងមានការពន្យារពេល ប៉ុន្តែនៅតែសម្រេចចិត្តប្រកាន់ខ្ជាប់នូវកាលវិភាគដើមរបស់អ្នកស្រី។ អ្នកស្រីនិយាយថា «យើងនឹងជិះយន្តហោះជាមួយក្រុមហ៊ុនអាកាសចរណ៍ Air China ព្រោះថាពួកគេនឹងមិនបាញ់ទម្លាក់យន្តហោះរបស់ពួកគេទេ។
អាជ្ញាធរដឹកជញ្ជូនកោះតៃវ៉ាន់ បាននិយាយថា អាជ្ញាធរនឹងបង្វែរជើងហោះហើរអន្តរជាតិឱ្យចេញឆ្ងាយពីតំបន់គ្រោះថ្នាក់ ឬប្រកាសផ្លូវជំនួសដើម្បីធានាបានសុវត្ថិភាពចរាចរណ៍ផ្លូវអាកាស។
