កងទ័ពរដ្ឋាភិបាលស៊ីរី ត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុងឆ្នេរសមុទ្រ Latakia និងទីក្រុង Tartous បន្ទាប់ពីបាតុកម្មបណ្តាលឱ្យមានការប៉ះទង្គិចគ្នាដ៏បង្ហូរឈាម ដែលយ៉ាងហោចណាស់មនុស្សបួននាក់ត្រូវបានសម្លាប់ និង១០៨នាក់រងរបួស។
វាគឺជាភាពវឹកវរចុងក្រោយក្នុងការប្រឈមជាមួយរដ្ឋាភិបាលថ្មីរបស់លោកប្រធានាធិបតី Ahmed al-Sharaa ដែលកំពុងជំរុញឱ្យមានស្ថិរភាពប្រទេស និងធ្វើសមាហរណកម្មឡើងវិញនៅលើឆាកអន្តរជាតិបន្ទាប់ពីសង្គ្រាមស៊ីវិលដ៏មហន្តរាយរយៈពេល១៤ឆ្នាំ។

ក្រសួងការពារជាតិស៊ីរី បានប្រកាសថា អង្គភាពកងទ័ពដែលមានរថក្រោះ និងរថពាសដែក បានចូលទៅក្នុងកណ្តាលទីក្រុងនានានៅភាគខាងលិចប្រទេស ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយ «ក្រុមក្រៅច្បាប់» ដែលប្រឆាំងជនស៊ីវិល និងកងកម្លាំងសន្តិសុខជាមួយនឹងបេសកកម្មស្តារស្ថិរភាពឡើងវិញ។
ទីភ្នាក់ងារសារព័ត៌មាន SANA បាននិយាយថា មនុស្សរាប់សិបនាក់បានរងរបួសដោយសារ «ការចាក់ ការវាយដំនិងគប់ដុំថ្ម និងការបាញ់ប្រហារដោយកាំភ្លើងដាក់គោលដៅទាំងបុគ្គលិកសន្តិសុខ និងជនស៊ីវិល»។ ការប៉ះទង្គិចគ្នាត្រូវបានគេរាយការណ៍ថាបានផ្ទុះឡើង ខណៈក្រុមអ្នកតវ៉ាបានប្រឈមទៅនឹងក្រុមអ្នកតវ៉ាគាំទ្ររដ្ឋាភិបាល ហើយខ្មាន់កាំភ្លើងពាក់ម៉ាស់ បានបើកការបាញ់ប្រហារទៅលើបុគ្គលិកសន្តិសុខ។
