ទីក្រុងសេអ៊ូល និងប៉េកាំង បានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នឹងធ្វើទស្សនកិច្ច នៅប្រទេសចិន តាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក Xi Jinping ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។
លោក Lee និងលោក Xi បានជួបគ្នាចុងក្រោយកាលពីខែវិច្ឆិកា នៅខាងក្រៅកិច្ចប្រជុំកំពូល APEC (កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក) នៅទីក្រុង Gyeongju របស់កូរ៉េខាងត្បូង។ ទស្សនកិច្ចរបស់លោក Lee នឹងជាការធ្វើដំណើរលើកដំបូងរបស់មេដឹកនាំកូរ៉េខាងត្បូងទៅកាន់ប្រទេសចិន គិតចាប់តាំងពីឆ្នាំ២០១៩។
មេដឹកនាំកូរ៉េខាងត្បូងបានប្រឹងប្រែងរៀបចំឡើងវិញនូវទំនាក់ទំនងជាមួយប្រទេសចិន បន្ទាប់ពីពីមានភាពអាប់អួជាច្រើនឆ្នាំ ក្រោមការដឹកនាំរបស់អ្នកកាន់តំណែងមុនរបស់លោក គឺលោក Yoon Suk Yeol។

ទីក្រុងសេអ៊ូលបានធ្វើដំណើរយ៉ាងប្រុងប្រយ័ត្ន ដោយត្រូវថ្លឹងថ្លែង រវាងដៃគូពាណិជ្ជកម្មធំជាងគេរបស់ខ្លួន គឺប្រទេសចិន និងសហរដ្ឋអាមេរិកដែលជាអ្នកធានាផ្ដល់ការការពារដល់ខ្លួន។ ទំនាក់ទំនងជាមួយចិន បានធ្លាក់ចុះ ក្នុងឆ្នាំ២០១៦ បន្ទាប់ពីក្រុងសេអ៊ូលបានយល់ព្រមដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD ដែលផលិតដោយសហរដ្ឋអាមេរិក។
ទីក្រុងប៉េកាំងបានតបតវិញជាមួយនឹងការសងសឹកផ្នែកសេដ្ឋកិច្ចយ៉ាងទូលំទូលាយ ដោយរឹតបន្តឹងក្រុមហ៊ុនកូរ៉េខាងត្បូង និងហាមប្រាមការធ្វើដំណើរកម្សាន្តជាក្រុម៕
