គេហទំព័រព័ត៌មាន Axios បានរាយការណ៍ ដោយដកស្រង់ប្រភពថា ក្នុងអំឡុងពេលជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានជំរុញឲ្យលោកជៀសវាងវិធានការញុះញង់ នៅក្នុងតំបន់ វេសបែង (West Bank) និងកែសម្រួលគោលនយោបាយរបស់លោក នៅក្នុងតំបន់នោះ។
យោងតាមមេដឹកនាំទាំងពីរ ក្នុងអំឡុងពេលចរចានៅភូមិគ្រឹះ Mar-a-Lago របស់លោក ត្រាំ នៅជិតទីក្រុង West Palm Beach រដ្ឋហ្វ្លរីដា លោកប្រធានាធិបតីអាមេរិក និងជំនួយការរបស់ខ្លួន «បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅក្នុងតំបន់វេសបែង ហើយបានស្នើឲ្យលោក ណេតាន់យ៉ាហ៊ូ ជៀសវាងវិធានការញុះញង់ និង ធ្វើឲ្យស្ថានការណ៍ស្ងប់ស្ងាត់»។ លោក ត្រាំ និងក្រុមរបស់ខ្លួន ក៏បាន «លើកឡើងពីអំពើហិង្សារបស់អ្នកតាំងលំនៅប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន អស្ថិរភាពហិរញ្ញវត្ថុរបស់អាជ្ញាធរប៉ាឡេស្ទីន និងការពង្រីកការតាំងលំនៅឋានរបស់អ៊ីស្រាអែល»។

គេហទំព័រនេះ បានឲ្យដឹងទៀតថា៖«សាររបស់សហរដ្ឋអាមេរិក គឺថា ការផ្លាស់ប្តូរទិសដៅនៅក្នុងតំបន់ វេសបែង មានសារៈសំខាន់ណាស់ក្នុងការជួសជុលទំនាក់ទំនងរបស់អ៊ីស្រាអែលជាមួយបណ្តាប្រទេសនៅអឺរ៉ុប និងសង្ឃឹមថា នឹងពង្រីកកិច្ចព្រមព្រៀង Abraham»។ មន្ត្រីរដ្ឋបាលអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះ ត្រូវបានដកស្រង់សម្តីដោយគេហទំព័រ Axios បានបន្ថែមថា ៖«ការកើនឡើងភាពតានតឹងនៅក្នុងតំបន់វេសបែង នឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពហ្កាហ្សា»៕
