នៅថ្ងៃអង្គារនេះ កូរ៉េខាងត្បូង បានជំរុញឲ្យទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រវិវត្តទៅដោយសន្តិភាព តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ស្របពេលដែលចិនប្រកាសបាញ់រ៉ុក្កែតចូលទៅក្នុងដែនទឹកនៅជិតតំបន់ភាគខាងជើង និងភាគខាងត្បូងកោះតៃវ៉ាន់ នៅថ្ងៃទី ២ នៃហ្គេមសង្រ្គាមដ៏ខ្លាំងក្លាបំផុតរបស់ខ្លួន ។

លោក Park Il គឺជាអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង និយាយថា ទីក្រុងសេអ៊ូលចង់ឲ្យសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ត្រូវបានរក្សា ហើយគោលជំហរជាមូលដ្ឋានរបស់ពួកគេលើកោះតៃវ៉ាន់ នៅតែពុំផ្លាស់ប្តូរ ។ កូរ៉េខាងត្បូងដូចគ្នានឹងប្រទេសដទៃជាច្រើនទៀតដែរ មានទំនាក់ទំនងការទូតផ្លូវការជាមួយទីក្រុងប៉េកាំង មិនមែនជាមួយទីក្រុងតៃប៉ិនោះទេ ។
ទីបញ្ជាការភូមិភាគកើតចិន និយាយថា ការបាញ់គ្រាប់ពិតនឹងធ្វើឡើងរហូតដល់វេលាម៉ោង ៦ល្ងាច ម៉ោងក្នុងស្រុក ថ្ងៃអង្គារនេះ ធ្វើឲ្យប៉ះពាល់ដល់ទីតាំងដែនសមុទ្រ និងដែនអាកាស ៥កន្លែងនៅជុំវិញកោះតៃវ៉ាន់ ។
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បញ្ជាក់សមយុទ្ធបាញ់គ្រាប់ពិតនេះ កើតឡើងនៅភាគខាងជើងកោះ នៅព្រឹកថ្ងៃអង្គារ ហើយបំណែកគ្រាប់ ធ្លាក់ចូលដែនទឹកនៅចម្ងាយប្រហែលជាង ៤៤គ.មពីតំបន់ឆ្នេររបស់ពួកគេ ។
សមយុទ្ធ Justice Mission 2025របស់ចិន បានចាប់ផ្តើមឡើង រយៈពេល ១១ថ្ងៃប៉ុណ្ណោះ ក្រោយសហរដ្ឋអាមេរិកប្រកាសកញ្ចប់អាវុធតម្លៃ ១១.១ពាន់លានដុល្លារដល់កោះតៃវ៉ាន់ និងជាសមយុទ្ធធំបំផុតរបស់ទីក្រុងប៉ែកាំង មកទល់នឹងពេលនេះគិតពីទំហំ ហើយនិងនៅជិតបង្កើយបំផុតនឹងកោះតៃវ៉ាន់ ៕
