នៅថ្ងៃអង្គារនេះ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញរូបភាពវីដេអូឃ្លីបដែលពួកគេនិយាយថា គឺជាការដាក់ពង្រាយប្រព័ន្ធមីស៊ីលសមត្ថភាពនុយក្លេអ៊ែរ Oreshnik របស់រុស្ស៊ីលើទឹកដីបេឡារុស គឺជាដំណើរវិវត្តចុងក្រោយមួយដែលជំរុញសមត្ថភាពរបស់ទីក្រុងមូស្គូ ក្នុងការចែកចាយមីស៊ីលនៅទូទាំងតំបន់អឺរ៉ុប ។
ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko គឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលបានចាប់ផ្តើមចរចាជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដូណាល់ បានប្រកាសការដាក់ពង្រាយមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមកាលពីដើមខែនេះ ។

ក្រុមអ្នកជំនាញលោកខាងលិចមួយចំនួន បាននិយាយថា ការដាក់ពង្រាយនេះ ដែលនឹងធ្វើឲ្យវាលឿនជាងមុនបន្តិច សម្រាប់មីស៊ីលសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ីវាយប្រហារដល់គោលដៅអឺរ៉ុប ក្នុងករណីផ្ទុះសង្រ្គាមនោះ គូសបញ្ជាក់ពីការពឹងផ្អែកកើនឡើងរបស់វិមានក្រឹមឡាំងលើការគំរាមកំហែងនុយក្លេអ៊ែរ ស្របពេលដែលពួកគេរារាំងសមាជិកអង្គការណាតូពីការផ្គត់ផ្គង់ទីក្រុងគីវ នូវអាវុធដែលអាចវាយប្រហារកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី ។
អ្នកស្រាវជ្រាវ ២រូបរបស់អាមេរិក និយាយថា ដោយយោងតាមការសិក្សាលើរូបភាពផ្កាយរណបរបស់ពួកគេ ទីក្រុងមូស្គូទំនងជាឈរជើងមីស៊ីល និងជើងទម្របាញ់ចល័តរបស់ពួកគេ នៅអតីតមូលដ្ឋានទ័ពអកាសនៅភាគខាងកើតប្រទេសបេឡារុស ។
វីដេអូដែលបានបញ្ចេញដោយក្រសួងការពារជាតិបេឡារុសនៅថ្ងៃអង្គារនេះ ពុំបានបញ្ជាក់ពីទីតាំងនោះទេរបស់ប្រព័ន្ធមីស៊ីល ប៉ុន្តែឃើញជើងទម្របាញ់ចល័ត និងបុគ្គលិករបស់ពួកគេ បើកឆ្លងកាត់ផ្លូវក្នុងព្រៃ ហើយទាហានពិសេសរបស់ពួកគេ យកសំណាញ់បិទបាំងប្រព័ន្ធមីស៊ីល ៕
