វិមានក្រឹមឡាំងបានឲ្យដឹងនៅថ្ងៃអង្គារ (ទី៣០ ខែធ្នូ) នេះថា ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនលើនិវេសនដ្ឋានប្រធានាធិបតី ក្នុងតំបន់ Novgorod នឹងពង្រឹងគោលជំហររបស់រុស្ស៊ីកាន់តែតឹងរ៉ឹង ជុំវិញកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមាន ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានច្រានចោលការចោទប្រកាន់របស់រុស្ស៊ី ដោយចាត់ទុកថា ជា «ការនិយាយកុហកផ្សេងទៀត» ក្នុងគោលបំណងបង្ហាញពីភាពត្រឹមត្រូវនៃការវាយប្រហារបន្ថែមលើអ៊ុយក្រែន និងដើម្បីបន្តអូសបន្លាយសង្រ្គាម។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានកត់សម្គាល់ពីការបដិសេធរបស់អ៊ុយក្រែន ចំពោះការវាយប្រហារដោយយានដ្រូននេះ ហើយបាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាច្រើន កំពុងចូលរួមគាំទ្រការមិនទទួលខុសត្រូវរបស់ទីក្រុងគីវ។
លោក Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «សកម្មភាពភេរវករនេះ គឺមានគោលបំណងធ្វើឲ្យដំណើរការចរចាដួលរលំ។ ផ្នែកការទូតនឹងត្រូវបានពង្រឹងកាន់តែតឹងរ៉ឹង ចំពោះគោលជំហរចរចារបស់សហព័ន្ធរុស្ស៊ី»។ លោកបានបញ្ជាក់ថា យោធារុស្ស៊ីដឹងពីរបៀប និងពេលណាត្រូវឆ្លើយតប។
លោក Peskov បាននិយាយថា៖ «យើងឃើញហើយថា លោក Zelenskyy ខ្លួនឯង កំពុងព្យាយាមបដិសេធរឿងនេះ ហើយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាច្រើនដែលចូលរួមគាំទ្ររបបទីក្រុងគីវ កំពុងចាប់ផ្តើមផ្សព្វផ្សាយថា រឿងនេះមិនបានកើតឡើងឡើយ។ នេះគឺជាការអះអាងមិនមានវិចារណញ្ញាណទាល់តែសោះ»។
នៅពេលត្រូវបានសួរថា តើប្រទេសរុស្ស៊ីមានភស្តុតាងជាក់ស្តែង អំពីការវាយប្រហារដោយយានដ្រូនដែរ ឬអត់នោះ លោកបានឆ្លើយតបថា ប្រព័ន្ធការពារដែនអាកាស បានបាញ់ទម្លាក់យានដ្រូន ប៉ុន្តែសំណួរ ជុំវិញការខូចខាត គឺត្រូវសួរក្រសួងការពារជាតិ៕
