ទស្សនាវដ្ដី Forbes កាលពីថ្ងៃចន្ទ (ទី២៩ ខែធ្នូ) បានចុះផ្សាយថា តារាចម្រៀងស្រីអាមេរិក Beyonce ឥឡូវនេះ គឺជាមហាសេដ្ឋីម្នាក់ ដោយបានធ្វើឲ្យរូបនាងក្លាយជាអ្នកប្រកបអាជីពខាងតន្ត្រីទី៥ ដែលឈានដល់លំដាប់អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាងគេបំផុតបែបនេះ។
យោងតាមទស្សនាវដ្ដី ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ខាងចាត់ចំណាត់ថ្នាក់អ្នកមានជាងគេបំផុត ក្នុងពិភពលោក បានបង្ហាញថា តារាវ័យ ៤៤ឆ្នាំរូបនេះ បានចូលរួមក្នុងក្រុមអ្នកមានទ្រព្យសម្បត្តិមហាសាលផ្នែកសិល្បៈតន្ត្រី ដែលរួមមានទាំងស្វាមីរបស់នាង គឺតារាចម្រៀងរ៉េប Jay-Z ក៏ដូចជាតារាចម្រៀងផ្សេងទៀត នាង Taylor Swift លោក Bruce Springsteen និងនាង Rihanna។

តារាចម្រៀងស្រី Beyonce បានទទួលបានឋានៈជាមហាសេដ្ឋីនេះ បន្ទាប់ពីមាននូវពេលវេលាដ៏កាក់កបជាច្រើនឆ្នាំ។ នៅឆ្នាំ២០២៣ កម្មវិធីចម្រៀង Renaissance World Tour របស់នាង រកចំណូលបានជិត ៦០០លានដុល្លារ។ បន្ទាប់មកនាងបានកែប្រែទម្រង់តន្ត្រីរបស់នាងបែបស្ទាយល៍ថ្មី នៅឆ្នាំ២០២៤ ជាមួយនឹងអាល់ប៊ុមជនបទ «Cowboy Carter» ដែលឈ្នះពានរង្វាន់ Grammy មុនពេលចាប់ផ្តើមកម្មវិធីចម្រៀងទេសចរណ៍ ដែលរកចំណូលបានខ្ពស់បំផុត នៅលើពិភពលោក ក្នុងឆ្នាំ២០២៥។
ដោយរួមបញ្ចូលគ្នានូវប្រាក់ចំណូលទាំងនេះ ជាមួយនឹងប្រាក់ចំណូលដែលបានពីកាតាឡុកតន្ត្រី និងទទួលបានកិច្ចសន្យាផ្សេងទៀតរបស់នាង ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា Beyonce រកចំណូលបាន ១៤៨លានដុល្លារ ក្នុងឆ្នាំ២០២៥ មុនបង់ពន្ធ ដែលធ្វើឲ្យនាងក្លាយជាតន្ត្រីការិនីដែលរកចំណូលបានច្រើនជាងគេបំផុតលំដាប់ទី៣ នៅលើពិភពលោក។
យ៉ាងណាក្ដី ការចុះផ្សាយនេះមិនបានផ្តល់នូវការប៉ាន់ប្រមាណជាក់លាក់បន្ថែមទៀតឡើយ ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិសុទ្ធរបស់អតីតសមាជិកក្រុមចម្រៀង Destiny's Child ដែលបានបង្កើតក្រុមហ៊ុន Parkwood Entertainment ដើម្បីគ្រប់គ្រងអាជីព និងផលិតកម្មរបស់នាង៕
