ភ្នំពេញ ៖ ផ្លូវជនបទ២គម្រោង ដែលបញ្ចប់សុពលភាព ស្ថិតនៅខេត្តពោធិ៍សាត់ និងខេត្តកំពត បានរក្សានូវគុណភាពផ្លូវល្អប្រសើរ ធានានូវ ប្រសិទ្ធភាពនៃការប្រើប្រាស់ផ្លូវជនបទបានយូរអង្វែង ដើម្បីឆ្លើយតបទៅនិងតម្រូវការរស់នៅជាក់ស្តែង របស់ប្រជាពលរដ្ឋនៅតាម មូលដ្ឋានទាំងនោះ។
ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង ក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនា ស្តារឡើងវិញផ្លូវនិងលូ ចំនួន២គម្រោង ស្ថិតនៅខេត្តពោធិ៍សាត់ និងខេត្តកំពត នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នេះថា ជុំវិញផ្លូវជនបទ មិនថាការងារស្ថាបនាផ្លូវ ការជុសជួល កែលម្អ ការថែទាំផ្លូវ ឬសំណង់សិល្បការ្យផ្សេងៗនោះឡើយ ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបាន យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវ ឱ្យឆ្លើយតបទៅនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ។
ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបាន យកចិត្តទុកដាក់ចាប់តាំងពីការស្ថាបនា រហូតដល់បញ្ចប់សុពលភាព ដោយបានរក្សានូវគុណភាពផ្លូវបានល្អប្រសើរ ព្រោះការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទនេះ គឺជាគន្លឹះគាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមជនបទ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃ និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, សម្តេចបានយក ចិត្តទុកដាក់ យ៉ាងខ្លាំងនៅលើការអភិវឌ្ឍនេះ មិនថានៅទីក្រុង ទីប្រជុំជន និងតាមជនបទនោះឡើយ។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ជាក់ស្តែងផ្លូវជនបទទាំងពីរគម្រោងខាងលើនេះ ពិតជាមានសារៈសំខាន់ លើក កម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈសម្រួលដល់ការធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗជាដើម។ ទាក់ទិនផ្លូវ ជនបទនេះដែរ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងបន្តយកចិត្តទុកដាក់ ចំពោះគម្រោងដែលស្ថិតនៅក្រោមក្របខណ្ឌរបស់ក្រសួង ធ្វើយ៉ាងណាជំរុញអភិវឌ្ឍន៍ផ្លូវនៅតាមជនបទ តភ្ជាប់ប្រទាក់ក្រឡាគ្នា ពីតំបន់មួយទៅតំបន់មួយ បម្រើដល់ការរស់នៅ និងចលនា សេដ្ឋកិច្ចនៅតាមជនបទ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ចូលរួមថែទាំផ្លូវ លូ និងសំណង់សិល្បការ្យផ្សេងៗឲ្យបានល្អ ដើម្បីប្រើប្រាស់យូរអង្វែង និងត្រូវចាត់ទុកផ្លូវ និងលូទាំងនោះជារបស់ពួកគាត់។
សូមបញ្ជាក់ថា ចំពោះផ្លូវទាំងពីរខ្សែនេះ ក្នុងនោះគម្រោងទី១៖ គឺការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ប្រវែង ៨ ៩០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិហាទិល ទៅភូមិសំសាន ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់, និងគម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ២ខ្សែ ប្រវែងសរុប ៤ ៧៥០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ រួមជាមួយសំណង់ សិល្បការ្យផ្សេងៗដូចគ្នា ស្ថិតនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត គម្រោងទាំងពីរនេះអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ៕
អត្ថបទ៖ សុន រ៉ាឌី
















