ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃអង្គារ (ទី៣០ ខែធ្នូ) នេះថា កងកម្លាំងសន្តិសុខស៊ីរី បានដាក់ចេញបម្រាមគោចរ នៅទីក្រុង Latakia ដែលជាទីកន្លែងរបស់ជនជាតិភាគតិច Alawite របស់ប្រទេសនេះ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីមនុស្ស ៤នាក់ បានបាត់បង់ជីវិតនៅក្នុងការតវ៉ាដែលបានរាលដាលទៅជាអំពើហិង្សា។
ប្រទេសស៊ីរីត្រូវបានរង្គោះរង្គើដោយព្រឹត្តិការណ៍បង្ហូរឈាមនិកាយសាសនាជាច្រើន ចាប់តាំងពីមេដឹកនាំដ៏យូរអង្វែង លោក Bashar al-Assad ដែលចេញមកពីសហគមន៍មូស្លីម Alawite ត្រូវបានទម្លាក់ចេញពីអំណាចដោយការវាយលុករបស់ក្រុមឧទ្ទាម កាលពីឆ្នាំមុន ហើយត្រូវបានជំនួសដោយរដ្ឋាភិបាលដឹកនាំដោយអ្នកកាន់សាសនាឥស្លាមនិកាយស៊ុននី។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា បម្រាមគោចរត្រូវបានកំណត់ចាប់ពីម៉ោង ៥ល្ងាចតទៅ (ម៉ោងក្នុងស្រុកក) (ត្រូវនឹងម៉ោង ១៤ ម៉ោងសកល) នាថ្ងៃអង្គារនេះ រហូតដល់ម៉ោង ៦ព្រឹក (ម៉ោងក្នុងស្រុក) (ត្រូវនឹងម៉ោង ៣ ម៉ោងសកល) នៅថ្ងៃពុធ។
កងកម្លាំងសន្តិសុខបានពង្រឹងការដាក់ពង្រាយកងកម្លាំងសន្តិសុខ នៅក្នុងតំបន់មួយចំនួន ក្នុងទីក្រុង Latakia នៅឆ្នេរសមុទ្រមេឌីទែរ៉ាណេ ដែលបានកើតមានកុបកម្ម កាលពីថ្ងៃចន្ទ ជាហេតុការណ៍ដែលបានធ្វើឲ្យមនុស្សរាប់សិបនាក់រងរបួស។
ក្រុមអ្នកតវ៉ា Alawite រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ នៅទីលាន Azhari ក្នុងទីក្រុង Latakia ដើម្បីទាមទារឲ្យមានប្រព័ន្ធនយោបាយវិមជ្ឈការ នៅក្នុងប្រទេសស៊ីរី និងការដោះលែងអ្នកទោស Alawite រាប់ពាន់នាក់៕

