មូលនិធិកុមារអន្តរជាតិ UNICEFដែលជាទីភ្នាក់ងារកុមារអង្គការសហប្រជាជាតិ(UN) បានធ្វើការព្រមានពីកម្រិតពុំធ្លាប់ដែលមានពីមុនមកនៃកង្វះអាហារូបត្ថម្ភនៅតំបន់ North Darfur ដែលញាំញីដោយភ្លើងសង្រ្គាម និងបានអំពាវនាវឲ្យទៅដល់បន្ទាន់កុមារ និងគ្រួសារជាប់ខ្លួននៅក្នុងជម្លោះ ។
ការព្រមានកាលពីថ្ងៃចន្ទ បានកើតមាន ស្របពេលការប្រយុទ្ធគ្នាកាន់តែខ្លាំងរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ខណៈដែលកងកម្លាំងប៉ារ៉ាមួយនេះ បន្តរុលចូលតំបន់ភាគខាងកើត ក្រោយរឹបអូសបានទីក្រុងel-Fasher នៅតំបន់ Darfur កាលពីចុងខែតុលា ។
ជម្លោះដែលបានផ្ទុះឡើងកាលពីឆ្នាំ ២០២៣នេះ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ ធ្វើឲ្យមនុស្សជាង ១២លាននាក់ ជម្លៀសខ្លួន និងបង្កឲ្យកើតមានគ្រោះទុរ្ភិក្សនៅតាមតំបន់ជាច្រើនក្នុងប្រទេសស៊ូដង់ គឺជាស្ថានភាពមួយដែល UNចាត់ទុកថាជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក ។
UNICEF និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា ប្រហែល ៥៣ភាគរយនៃកុមារ ៥០០នាក់ នៅភូមិ Um Baru ស្ថិតក្នុងតំបន់ North Darfur កាលពីដើមខែនេះ ជួបកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ។
ពួកគេនិយាយថា កុមារម្នាក់ ក្នុងចំណោម ៦នាក់ បានរងគ្រោះផងដែរដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបំផុត គឺជាស្ថានភាពមួយគំរាមកំហែងដល់អាយុជីវិតដែលអាចសម្លាប់កុមារបាន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បើសិនជាទុកចោលពុំព្យាបាលនោះ ។
លោក Catherine Russell គឺជាប្រធានប្រតិបត្តិ UNICEF និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពេលដែលកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរឈានដល់កម្រិតនេះ ពេលវេលាក្លាយជាកត្តាដ៏សំខាន់បំផុត ៕