ក្រុមអ្នករត់ PassApp នៅក្នុងរដ្ឋធានីញូវ ដែលី និយាយថា ពួកគេប្រឈមនឹងហានិភ័យសុខភាពកើនឡើង ស្របពេលដែលកម្រិតកង្វក់បរិយាកាសបន្តស្ថិតនៅក្នុងកម្រិតធ្ងន់ធ្ងរនាថ្ងៃអង្គារនេះ ក្នុងនោះ ផ្សែងអ័ព្ទយ៉ាងក្រាស់បន្តគ្របដណ្តប់លើរដ្ឋធានីរបស់ប្រទេសឥណ្ឌាមួយនេះ ។
កង្វក់បរិយាកាសនេះ បានធ្វើឲ្យប៉ះពាល់ដល់សុខភាពក្រុមអ្នករត់ PassApp ដែលនិយាយថា ពួកគេប្រឈមនឹងការពិបាកដកដង្ហើម និងក្រហល់ក្រហាយបំពង់ក. និងភ្នែក ។
អគារត្រូវបានគេមើលឃើញហ៊ុមព័ទ្ធដោយស្រទាប់យ៉ាងក្រាស់របស់ផ្សែងអ័ព្ទពុល ខណៈការធ្វើចរាចរណ៍ក្រោមរយៈចម្ងាយមើលឃើញពុំសូវច្បាស់ ។
ទិន្នន័យពីក្រុមប្រឹក្សាភិបាលគ្រប់គ្រងកង្វក់បរិយាកាស(CPCB) បង្ហាញថា នៅថ្ងៃអង្គារនេះ គុណភាពខ្យល់(AQI)នៅក្នុងទីក្រុងដែលី ឡើងដល់កម្រិត ៤០១នៅតាមស្ថានីយតាមដានជាច្រើនកន្លែង ។
CPCB ចាត់ថ្នាក់ AQI កម្រិត ០-៥០ ថាល្អ ហើយលើសពីកម្រិត ៤០១ ថា ធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស និងធ្វើឲ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរជាងនេះដល់អ្នកមានជំងឺស្រាប់ ។
ទីក្រុងដែលី និងតំបន់ជាយក្រុង ជារឿយៗត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទក្នុងអំឡុងរដូវរងា ខណៈខ្យល់ត្រជាក់ ធ្វើឲ្យទាក់ជាប់ការបំភាយឧស្ម័នពីយានយន្ត ការដ្ឋានសំណង់ និងការដុតកាកសំណល់កសិកម្ម ដែលជំរុញឲ្យកម្រិតនៃកង្វក់បរិយាកាសកើនឡើងដល់កម្រិតខ្ពស់បំផុតមួយលើពិភពលោក ។
ក្រុមអាជ្ញាធរនៅក្នុងទីក្រុងដែលី បានចេញវិធានការតឹងរឹង ដើម្បីព្យាយាមទប់ស្កាត់កង្វក់បរិយាកាស រួមទាំងបំរាមលើយានជំនិះដែលមិនអនុឡោមតាមក្រមគ្រប់គ្រងការបំភាយឧស្ម័ន និងគ្រប់គ្រងការចូលរួមនៅតាមការិយាល័យឯកជន និងរដ្ឋាភិបាល ៕