នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅថ្ងៃអង្គារ (ទី៣០ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា អាស៊ាន (ASEAN) នឹងវាយតម្លៃសភាពការណ៍ នៅសហភាពមីយ៉ាន់ម៉ា បន្ទាប់ពីមានការបោះឆ្នោតដំណាក់កាលទី១ និងជៀសវាងនូវការមានវិធានការ ដែលនឹង «ផ្តល់ភាពស្របច្បាប់លឿនពេក» ដល់ភាគីណាមួយ។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើង នៅពេលដែលគណបក្សគាំទ្រយោធាដ៏មានឥទ្ធិពលរបស់មីយ៉ាន់ម៉ា បានអះអាងពីការមានជ័យជម្នះដ៏លើសលប់ នៅក្នុងដំណាក់កាលដំបូងនៃការបោះឆ្នោត បន្ទាប់ពីក្រុមឃ្លាំមើលលទ្ធិប្រជាធិបតេយ្យ បានព្រមានថា ការបោះឆ្នោតដែលដំណើរការមើលខុសត្រូវដោយរបបយោធានេះ នឹងត្រឹមតែធ្វើឲ្យការគ្រប់គ្រងរបស់យោធាកាន់តែរឹងមាំប៉ុណ្ណោះ។
កងកម្លាំងប្រដាប់អាវុធរបស់របស់នេះ បានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ ដែលបង្កឲ្យមានសង្គ្រាមស៊ីវិលរហូតដល់សព្វថ្ងៃ ប៉ុន្តែនៅថ្ងៃទី២៨ ខែធ្នូ បានបើកដំណើរការបោះឆ្នោត នៅក្នុងការបោះឆ្នោតជាដំណាក់កាលរយៈពេលមួយខែ ជាអ្វីដែលពួកគេបានសន្យាថា នឹងប្រគល់អំណាចជូនប្រជាជនវិញ។
យ៉ាងណាក្ដី លោក Anwar ដែលប្រទេសរបស់លោកកាន់តំណែងជាប្រធានប្តូរវេនអាស៊ាន រហូតដល់ដំណាច់ឆ្នាំនេះ បាននិយាយថា មេដឹកនាំមកពីប្លុកតំបន់មានសមាជិក ១១ប្រទេស ដែលរួមមានមីយ៉ាន់ម៉ាដែរនោះ នឹងបន្ត «ពិចារណាលើសភាពការណ៍យ៉ាងយកចិត្តទុកដាក់ ដោយរួមមានទាំងវិធានការដែលកំពុងដំណើរការទាក់ទងនឹងការវិវត្តនយោបាយ» នៅសហភាពមីយ៉ាន់ម៉ា។
លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «ការវាយតម្លៃណាមួយ នឹងដំណើរការម្ដងមួយចជំហានៗ នាំមុខដោយតម្រូវការកាត់បន្ថយអំពើហិង្សា ជៀសវាងវិធានការដែលអាចធ្វើឲ្យការបែកបាក់កាន់តែជ្រៅទៅ ឬផ្តល់ភាពស្របច្បាប់លឿនពេក និងរក្សាលទ្ធភាពនៃការមានមាគ៌ាឆ្ពោះទៅមុខ ប្រកបដោយបរិយាបន្ន និងគួរឲ្យជឿជាក់បាន»៕