ក្នុងការហ្វឹកហ្វឺនយោធាកាលពីថ្ងៃអង្គារ (៣០ ធ្នូ) ប្រទេសចិន បានបាញ់រ៉ូកែតចូលដែនទឹកកោះតៃវ៉ាន់ និងបានបង្ហាញនាវាចម្បាំងថ្មីៗដ៏ទំនើបឡោមព័ទ្ធតំបន់នេះ ដោយច្រានចោលការរំពឹងទុកនៃអន្តរាគមន៍របស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ក្នុងការរារាំងការវាយក្រសោបនាពេលអនាគតណាមួយរបស់ទីក្រុងប៉េកាំង ដើម្បីគ្រប់គ្រងកោះតៃវ៉ាន់ ក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតរបស់ខ្លួន មកទល់បច្ចុប្បន្ន។

ជាផ្នែកមួយនៃសមយុទ្ធហាត់សមឡោមព័ទ្ធបិទផ្លូវ ទីបញ្ជាការភាគខាងកើតរបស់ប្រទេសចិន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈពេលដល់ទៅ ១០ម៉ោង ដោយបាញ់រ៉ូកែតចូលក្នុងដែនទឹកនៅភាគខាងជើង និងខាងត្បូងនៃកោះស្វ័យគ្រប់គ្រងនេះ។
អង្គភាពកងទ័ពជើងទឹក និងកងទ័ពអាកាសចិន ក៏បានហាត់សមនិម្មិតការវាយប្រហារលើគោលដៅសមុទ្រ និងផ្លូវអាកាស និងបានធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹកនៅជុំវិញកោះតៃវ៉ាន់ផងដែរ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានចេញផ្សាយរូបភាពដែលបង្អួតពីឧត្តមភាពផ្នែកបច្ចេកវិទ្យា និងយោធារបស់ទីក្រុងប៉េកាំង រួមទាំងសមត្ថភាពរបស់ខ្លួនក្នុងការក្រសោបយកតៃវ៉ាន់ដោយកម្លាំង ប្រសិនបើចាំបាច់។
សមយុទ្ធដែលមានឈ្មោះថា "បេសកកម្មយុត្តិធម៌ ២០២៥" នេះ គឺជាសមយុទ្ធដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្ន គិតតាមការគ្របដណ្តប់សរុប និងក្នុងតំបន់ដែលនៅជិតកោះតៃវ៉ាន់ជាងសមយុទ្ធមុនៗ ហើយហ្គេមសង្រ្គាមនេះបានកើតឡើងត្រឹមតែ ១១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអាមេរិក ប្រកាសលក់កញ្ចប់អាវុធតម្លៃ ១១,១ពាន់លានដុល្លារអាមេរិក ឱ្យកោះតៃវ៉ាន់ ដែលធ្វើឱ្យក្រសួងការពារជាតិចិន មិនពេញចិត្តយ៉ាងខ្លាំង ហើយបានព្រមានថា យោធាចិន នឹង "ចាត់វិធានការយ៉ាងខ្លាំងក្លា" ដើម្បីឆ្លើយតប៕



