អ៊ីរ៉ង់បានសន្យាថានឹងឆ្លើយតបយ៉ាងចាស់ដៃចំពោះការឈ្លានពានណាមួយ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមសកម្មភាពយោធាបន្ថែមទៀត ប្រសិនបើទីក្រុងតេអេរ៉ង់ព្យាយាមអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ ឬសមត្ថភាពមីស៊ីលរបស់ខ្លួនឡើងវិញ។

លោកប្រធានាធិបតី Masoud Pezeshkian បានចេញការព្រមាននៅលើបណ្ដាញ X កាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីលោក Trump បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅឯគេហដ្ឋានរបស់លោកក្នុងរដ្ឋ Florida ជាទីដែលរូបលោកបានបញ្ជាក់ពីរឿងរ៉ាវក្នុងតំបន់របស់អ៊ីស្រាអែលម្តងទៀត។

សហរដ្ឋអាមេរិកពុំធ្លាប់បាននិយាយថាខ្លួននឹងកំណត់គោលដៅសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ ដែលជាសេចក្តីប្រាថ្នារបស់អ៊ីស្រាអែលជាយូរមកហើយនោះទេ ដោយផ្តោតជំនួសវិញលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់តែប៉ុណ្ណោះ។ អ៊ីរ៉ង់បាននិយាយម្តងហើយម្តងទៀតអំពីសកម្មភាពនុយក្លេអ៊ែររបស់ខ្លួនថា សម្រាប់គោលបំណងស៊ីវិលតែប៉ុណ្ណោះ ហើយទាំងចារកម្មអាមេរិក និងអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ពុំបានរកឃើញភស្តុតាងណាមួយនៃការផលិតអាវុធបរមាណូមុនពេលការវាយប្រហារកាលពីខែមិថុនាដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនោះទេ។
អ៊ីរ៉ង់ បានច្រានចោលការចរចាលើកម្មវិធីមីស៊ីលរបស់ខ្លួន។

លោក Pezeshkian បាននិយាយថា ការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះការឈ្លានពានណាមួយនឹង ធ្ងន់ធ្ងរ និងបង្កឱ្យមានការសោកស្តាយ។ សារដ៏រឹងរូសរបស់លោកបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក Trump បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯរមណីយដ្ឋាន Mar-a-Lago របស់លោកថា ទីក្រុងវ៉ាស៊ីនតោន អាចបើកការវាយប្រហារដ៏ធំមួយផ្សេងទៀតលើអ៊ីរ៉ង់៕