ម៉ូតូទឹក៖ កីឡាករម៉ូតូទឹកឆ្នើមកម្ពុជា សាលី អ៊ូមើត បានត្រឡប់ចូលហ្វឹកហាត់ និងអាចប្រកួតបានវិញហើយ បន្ទាប់ពីធ្វើការវះកាត់របួសឆ្អឹងខ្នង និងសម្រាកព្យាបាលជាង ១ខែនៅប្រទេសថៃ។ អ៊ូមើត បានឲ្យដឹងថា ខ្លួនបានចូលហ្វឹកហាត់វិញ កាលពីថ្ងៃទី០៣ ខែមីនាម្សិលមិញ បន្ទាប់ពីសម្រាកព្យាបាលរបួសរយៈពេល ៤សប្ដាហ៍ក្រោយការវះកាត់ឆ្អឹងខ្នង កាលពីថ្ងៃទី១៩ ខែមករាកន្លងទៅ។

ម្ចាស់មេដាយមាសកីឡាអាស៊ីរូបនេះបន្ថែមថា ដោយសារមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ក៏ដូចជាថ្នាក់ដឹកនាំក្លិបរបស់ក្លិប ពិសេសលោក Karl Heinrich Knauf បានធ្វើឲ្យរបួសខ្លួនឆាប់ជាសះស្បើយ និងឆាប់បានត្រឡប់ចូលហ្វឹកហាត់ ក៏ដូចអាចធ្វើការប្រកួតបានវិញនាពេលនេះ។ គួរដឹងថា សាលី អ៊ូមើត បានរងរបួសប្រេះឆ្អឹងខ្នងអំឡុងពេលហ្វឹកហាត់កាលពីដើមឆ្នាំ២០២២ កន្លងទៅ ដែលបង្ខំឲ្យរូបគេត្រូវខកខានក្នុងការប្រកួតពានរង្វាន់ពិភពលោកជុំទី៣ នៅប្រទេសថៃកាលពីខែមករា បន្ទាប់ពីវេជ្ជបណ្ឌិតតម្រូវឲ្យរូបគេត្រូវធ្វើការវះកាត់ជាបន្ទាន់។
អូមើត ឲ្យដឹងថា បន្ទាប់ពីជាសះស្បើយ ខ្លួនកំពុងខិតខំហ្វឹកហាត់ឡើងវិញ ដើម្បីត្រៀមការប្រកួតពានរង្វាន់ដ៏ធំនៅប្រទេសថៃនាខែមេសាខាងមុខ ក៏ដូចជាត្រៀមការប្រកួតនៅកម្ពុជា ដែលសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាគ្រោងរៀបចំការប្រកួតកម្រិតអាស៊ី នាខែឧសភាខាងមុខផងដែរ៕
អត្ថបទ៖ លី ឈុនឡា