អ៊ីស្រាអែលនិយាយថា ខ្លួននឹងផ្អាកអង្គការមនុស្សធម៌ជាង៣០អង្គការ រួមមានទាំងអង្គការគ្រូពេទ្យគ្មានព្រំដែនពីការមិនបានបំពេញតាមច្បាប់ថ្មីរបស់ខ្លួនសម្រាប់ក្រុមជំនួយដែលកំពុងធ្វើការនៅក្នុងតំបន់ហ្កាហ្សាដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម។ អាជ្ញាធរអ៊ីស្រាអែលបាននិយាយថា អង្គការជាច្រើនដែលប្រឈមនឹងបម្រាមដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ពុំបានបំពេញតាមតម្រូវការថ្មីសម្រាប់ការចែករំលែកព័ត៌មានអំពីបុគ្គលិក មូលនិធិ និងប្រតិបត្តិការរបស់ពួកគេទេ។

អង្គការសំខាន់ៗផ្សេងទៀតដែលរងផលប៉ះពាល់រួមមាន ក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស អង្គការCARE International គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ និងផ្នែកនៃអង្គការសប្បុរសធម៌ធំៗដូចជាអង្គការ Oxfam និង Caritas។ អ៊ីស្រាអែល បានចោទប្រកាន់អង្គការគ្រូពេទ្យគ្មានព្រំដែន ដែលត្រូវបានគេស្គាល់ដោយអក្សរកាត់ជាភាសាបារាំងMSF ថា មិនបានបញ្ជាក់ពីតួនាទីរបស់បុគ្គលិកមួយចំនួនដោយអះអាងថាពួកគេបានសហការជាមួយក្រុមហាម៉ាស។ អង្គការគ្រូពេទ្យគ្មានព្រំដែន(MSF) ជាក្រុមវេជ្ជសាស្ត្រធំបំផុតមួយកំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់ហ្កាហ្សា ជាកន្លែងដែលវិស័យសុខាភិបាលត្រូវបានកំណត់គោលដៅ និងត្រូវបានបំផ្លាញភាគច្រើន បាននិយាយថា ការសម្រេចចិត្តរបស់អ៊ីស្រាអែលនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើការងាររបស់ខ្លួននៅក្នុងតំបន់ហ៊ុមព័ទ្ធនោះ។ អង្គការនេះ ក៏បានច្រានចោលការចោទប្រកាន់របស់អ៊ីស្រាអែលអំពីបុគ្គលិករបស់ខ្លួន។

អ៊ីស្រាអែលបាននិយាយថា ក្រុមជំនួយចំនួន៣៧ក្រុម ដែលធ្វើការនៅក្នុងតំបន់ហ្កាហ្សាមិនបានបន្តលិខិតអនុញ្ញាតរបស់ខ្លួនទេ។ អង្គការជំនួយ បានជួយក្នុងផ្នែកសេវាសង្គមជាច្រើនប្រភេទ រួមទាំងការចែកចាយស្បៀងអាហារ ការថែទាំសុខភាព សុខភាពផ្លូវចិត្ត និងសេវាពិការភាព និងការអប់រំ។