អឺរ៉ុប៖ ជនភៀសខ្លួនអ៊ុយក្រែននឹងមានសិទ្ធិរស់នៅ និងធ្វើការក្នុងសហភាពអឺរ៉ុបរយៈពេល ៣ឆ្នាំក្រោមផែនការបន្ទាន់ ជាការឆ្លើយតបទៅនឹងអ្វីដែលកំពុងក្លាយជាវិបត្តិជនភៀសខ្លួនធំបំផុត របស់សហភាពអឺរ៉ុបនៅក្នុងរយៈពេល ១០០ឆ្នាំមកនេះ។

យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិ មនុស្សប្រមាណ ១លាននាក់បានភៀសខ្លួនចេញពីអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានបើកការវាយប្រហារឈានដល់ថ្ងៃទី៩ ដោយបានព្រមានទៀតថា មនុស្ស ៤លាននាក់អាចចាកចេញពីប្រទេសនេះក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ និងប៉ុន្មានខែខាងមុខនេះ បើរុស្ស៊ីនៅតែបន្តប្រតិបត្តិការយោធា។

មនុស្សជាង ៤៥៤,០០០នាក់បានរត់ចូលប្រទេសប៉ូឡូញ ខណៈដែល ១១៦,០០០នាក់ទៀតបានចូលទៅក្នុងប្រទេសហុងការី, មនុស្ស ៦៧,០០០នាក់ចូលទៅកាន់ប្រទេសស្លូវ៉ាគី, មនុស្ស ៤៥,០០០នាក់ចូលទៅកាន់ប្រទេសរ៉ូម៉ានី និង ៧៩,០០០នាក់ផ្សេងទៀតចូលទៅកាន់ប្រទេសមូលដូវ៉ា ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុបជាប្រទេសក្រីក្របំផុតនៅតំបន់អឺរ៉ុប៕
អត្ថបទ៖ សុខមាន